រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកអង្គរជ័យ ខេត្តកំពត

  • 999
  • ដោយ savuth

ថ្ងៃព្រហស្បតិ៍​ ៦កើត ខែកត្តិក​ ឆ្នាំជូត ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែតុលា​ ឆ្នាំ២០២០ ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកអង្គរជ័យ នៅសាលាស្រុកអង្គរជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពក្នុងខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ​ និងអាជ្ញាធរឃុំ ក្នុងស្រុកទាំងមូលផងដែរ។
បន្ទាប់ពីមានរបាយការណ៍ស្វាគមន៍របស់លោក កឹម បូណា អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ បានឲ្យដឹងអំពីស្ថានភាពភូមិសាស្ត្រទូទៅ រចនាសម្ព័ន្ធ គ្រប់គ្រងដឹកនាំតាមវិស័យជំនាញរបស់ស្រុក ពិសេសការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សារួចមក។
យោងប្រកាសរបស់ក្រសួងមហាផ្ទៃអានដោយលោក​ វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត​ លេខ៣៦៩៥ប្រ.ក ចុះថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២០ ត្រូវបានសម្រេចតែងតាំង លោក​ អ៉ិត សែនសំណាង ឋានន្តរស័ក្កិគ្រូបង្រៀនកម្រិតឧត្ដមដើមខ្សែ​ ថ្នាក់លេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀន កម្រិតឧត្តមក្រសួងអប់រំ យុវជននិងកីឡាឲ្យកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលស្រុកអង្គរជ័យ​ ខេត្តកំពត។
មានប្រសាសន៍សំណេះសំណាល
ឯកឧត្តម​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា គណៈ​អភិបាល​ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋស្រុកអង្គរជ័យ ដែលកន្លងមករួមសាមគ្គីគ្នាសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដោយបានជម្រុញការអភិវឌ្ឍស្រុកអង្គរជ័យ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ជាពិសេសការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ផ្សេងៗ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង។
ឯកឧត្ដមអភិបាលខេត្ត ក៏បានក្រើនរំលឹកណែនាំដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ឱ្យបានសម្រេចលទ្ធផលបានល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនោះត្រូវមានសាមគ្គីភាពល្អដើម្បីចូលរួមសហការគ្នាបន្តអនុវត្តការ ដោះស្រាយ បញ្ហាប្រឈម​ តម្រូវការ ខ្វះខាត រួមនិងសេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជំរុញពង្រឹងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នឹងបន្តចូលរួមបំផុសផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ និងវិធានការដោះស្រាយផលប៉ះពាល់នានា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរថែមទៀត៕

អត្ថបទទាក់ទង