រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្តប្រគល់ឧបករណ៍វាស់កំដៅនិងបាញ់ទឹកអាកុលស្វ័យប្រវត្តិដល់សាលា បឋមសិក្សា និងមត្តេយ្យចំនួន៩៩ក្នុងខេត្តកំពត

  • 642
  • ដោយ savuth

នៅព្រឹកសុក្រ១០រោច ខែបុស្ស​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមករា​ ឆ្នាំ២០២១ ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត បាននាំយកនូវឧបករណ៍វាស់កំដៅនិងបាញ់ទឹកអាកុលស្វ័យប្រវត្តិ ចំនួន៩៩គ្រឿងសម្រាប់ប្រើក្នុងគោលដៅ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាអំណោយសប្បុរសធម៌ផ្ដល់ដោយ ក្រុមហ៊ុន (Prudential) ព្រូដិនសល (ខេមបូឌា ) ឡាយហ៍ អឹសូរិនស៍ ទៅធ្វើការប្រគល់បែងចែកបន្ត ជូនដល់លោកគ្រូ​ អ្នកគ្រូ មកពីសាលាបឋមសិក្សា​ និងមត្តេយ្យសិក្សាចំនួន៩៩ ក្នុងស្រុកក្រុង ទូទាំងប្រាំបីក្នុងខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី អភិបាលក្រុង ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

លោក​ តាក ហាប់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត​ បានឲ្យដឹងថា អំណោយឧបករណ៍វាស់កំដៅ និងបាញ់អាកុលស្វ័យប្រវត្តិទាំងអស់នេះ ក្រោយពីទទួលបាន ហើយ ត្រូវបានធ្វើការបែងចែកជូនដល់សាលាបឋមសិក្សា មត្តេយ្យសិក្សានៅតាមបណ្ដាក្រុង​ ស្រុក​ ចំនួន៩៩សាលា ក្នុងនោះ ក្រុងកំពតចំនួន ១៣សាលា ស្រុកទឹកឈូ ១៣សាលា ស្រុកកំពង់ត្រាច១២សាលា ស្រុកបន្ទាយមាស១២សាលា ស្រុកអង្គរជ័យ១២សាលា ស្រុកដងទង់១២សាលា ស្រុកឈូក១៣សាលា និងស្រុកជុំគិរីចំនួន១២សាលា​ហើយឧបករណ៍ទាំងនេះ គឺចែកទៅដល់ សាលាគោលដៅ ក្នុងក្រុងកំពតជូនដល់គ្រប់សាលាមតេយ្យសិក្សា និងស្រុកទាំង៧ ក្នុងខេត្ត ជូនដល់សាលានៅទីប្រជុំជន។

ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍លើកបញ្ជាក់ថា បញ្ហា ជំងឺកូវីត១៩ គឺបានរាតត្បាតជាសកលក្នុងពិភពលោក ហើយក្នុងនោះ កម្ពុជាយើង ក៏បានរង នូវសម្ពាធដ៏អាក្រក់នៃជំងឺនេះផងដែរ។

ហើយបញ្ហានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពិសេសទៅទៀតនោះបានដាក់ចេញនូវវិធាការណ៍មុតស្រួចជាបន្តបន្ទាប់នានា ដូចជាការបើក ឬបិទសាលា សម្រាប់សិស្សចូលរៀន នារយៈពេលកន្លងមក គឺដោយសារ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល តែងមានការយកចិត្តទុកដាក់ ព្រួយបារម្ភ ចំពោះសិស្ស ពិសេសសិស្សដែលជាក្មេងតូចនៅមិនទាន់មានការយល់ដឹង ចំពោះបញ្ហាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះ ។

ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្ត ក៏បានចាត់ទុកឧបករណ៍ សម្រាប់ វាស់កំដៅ និងបាញ់ទឹកអាកុលដែលមានលក្ខណៈទំនើបស្វ័យប្រវត្តិ ដែលត្រូវបានចែកជូនដល់សាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់សិស្សដែលជាកុមារតូចៗ ដូច្នេះសូមលោកគ្រូអ្នកគ្រូ ត្រូវយកឧបករណ៍នេះទៅប្រើប្រាស់ឲ្យបានចំគោលដៅ ដើម្បីប្រយោជន៍រួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេស គឺការទប់ស្កាត់ឲ្យបានដាច់ខាតនៃការរីករាលដាលឆ្លងចូលដល់ក្នុងសហគមន៍ក្នុងខេត្តកំពត ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕

អត្ថបទទាក់ទង