ព្រឹកថ្ងៃទី ២០ខែមករា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំ ឆ្លងគណៈកម្មាធិការរៀបចំដែនដីនគររូបនីយកម្ម ដើម្បីពិនិត្យប្លង់សុរិយោដីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ស្ថិតក្នុងឃុំចំនួនពីរនៃស្រុកបន្ទាយមាស គឺនៅក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាង
លិច និងភូមិអង្គម្លី ក្នុងឃុំទូកមាសខាងកើតស្រុកបន្ទាយមាស។កិច្ចប្រជុំនេះមានការចូលរួមពី មន្ទីរជំនាញនិងអង្គភាព អាជ្ញាធរឃុំស្រុកពាក់ព័ន្ធ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណ:កម្មការសុរិយោដីខេត្តបានមានប្រសាសន៍ ផ្ដោតជាសំខាន់ ពិភាក្សាទៅលើបញ្ហាការកំណត់ ទំហំ ការកាត់ចំណីប្រព័ន្ធផ្លូវ ប្រឡាយទឹក ទំនប់ទឹក អូរ ព្រែក ស្ទឹង បឹងសាធារណៈ នៅមុនដំណាក់កាលនៃកិច្ចដំណើរការបិទផ្សាយជាសាធារណៈនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីកំណត់គោលដៅឲ្យបានច្បាស់លាស់ សម្រាប់ជាចក្ខុវិស័យ នៃការអភិវឌ្ឍន៍ ស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ ដើម្បីជៀសវាង ពីផលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈរួមនឹងការបម្រើឱ្យបានសមស្របនូវតម្រូវការប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅពេលខាងមុខ។
សូមបញ្ជាក់ថា ការកំណត់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់វិនិច្ឆ័យដែលដាក់ឆ្លងកិច្ចប្រជុំពេលនេះ គឺនៅក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច មានប្រព័ន្ធផ្លូវទំហំតូច ធំ ចំនួន២១ ខ្សែ ប្រឡាយទឹកចំនួន៤ខ្សែ និងចំណីព្រែកទំនប់ទឹក និងអូរ មានចំនួន៣កន្លែង ដោយឡែក នៅភូមិអង្គម្លី ឃុំទូកមាសខាងកើត មានប្រភេទផ្លូវតូចធំសរុបចំនួន៧ ច្រកផ្លូវទំហំចាប់ពី២ ម៉ែត្រដល់៥ម៉ែត្រ មានចំនួន២០ខ្សែ ប្រឡាយមេ និងរងមានចំនួន ៧ខ្សែ៕