រសៀល.ថ្ងៃសុក្រ ៩ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត ត្រួតពិនិត្យសំណង់ ស្ថានីយ៍ប្រេង-ឧស្ម័នឥន្ធនៈ និងសំណង់គ្រប់ប្រភេទ តាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុង ស្រុក ប្រធានអង្គភាពជំនាញចំណុះសាលាខេត្ត និងមន្រ្តីជំនាញ សរុបចំនួន២៤នាក់។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ បានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យសំណង់ និងអចលនទ្រព្យ កំពុងរីកចំរើនយ៉ាងខ្លាំង ដែលបានជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចខេត្តកំពត។ យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត នៅឆ្នាំ២០២០ វិស័យសំណង់មានចំនួន ៣០១គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង ១០២២៨៥ម៉ែត្រការ៉េ គិតជាតម្លៃទុនវិនិយោគស្មើ ៣៧លានដុល្លាអាមេរិក បើប្រៀបធៀបឆ្នាំ២០១៩ ទុនវិនិយោគ កើន២,៧% និងចំនួនគម្រោងកើនឡើង ៣៩%។ ជាមួយគ្នានេះ វិស័យស្ថានីយប្រេងឥន្ធនៈទាំងក្រុមហ៊ុន និងឯកជននៅទូទាំងខេត្តចំនួន ២៨៥ទីតាំង។
ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់គណៈកម្មការខេត្ត ត្រួតពិនិត្យសំណង់ ស្ថានីយ៍ប្រេង-ឧស្ម័ន ឥន្ធនៈ និងសំណង់គ្រប់ប្រភេទ តាមបណ្តាក្រុង ស្រុក ទូទាំងខេត្ត ត្រូវបន្តចុះត្រួតពិនិត្យពង្រឹង និងតាមដានសកម្មភាពសំណង់ និងក្រុមជាងសំណង់តាមបណ្តាក្រុង ស្រុក ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ ហើយអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ ដោយដាក់ពាក្យសុំលិខិតអនុញ្ញាតសាងសង់ និងជួសជុលបណ្តាសំណង់គ្រប់ប្រភេទ៕