រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី៣២ ឆ្នាំ២០២១

  • 495
  • ដោយ savuth

នៅព្រឹកថ្ងៃច័ន្ទ១២ កើត ខែមាឃ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី៣២ឆ្នាំ២០២១ ដែលកិច្ចប្រជុំ មានការចូលរួម ពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មេបញ្ជាការអង្គភាពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃកងឯកភាព គ្រប់ផ្នែកគ្រប់ថ្នាក់ក្នុងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ក្នុងកិច្ចប្រជុំបានផ្ដោតជាសំខាន់ ពិនិត្យនិងពិភាក្សាលើរបាយការណ៍បូកសរុបវាយតម្លៃលទ្ធផលការងារក្នុងត្រីមាសទី៤ឆ្នាំ២០២០កន្លងទៅ និងដាក់ទិសដៅអនុវត្តឆ្នាំ២០២១ បន្ត​ ដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផលការងារបន្ថែមទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តម ជាវ តាយ​ អភិបាលខេត្ត បានលើកបញ្ជាក់ថា នៅឆ្នាំ២០២០កន្លងទៅ លទ្ធផលការងារលើគ្រប់វិស័យគ្រប់ផ្នែក របស់រដ្ឋបាលខេត្តកំពត មានលក្ខណៈល្អប្រសើរ គឺផ្ដើមចេញដោយសារមានការចូលរួមសហការគ្នាបានល្អ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ។ ពិសេសក្នុងនោះសកម្មភាពការងារបម្រើពលរដ្ឋក៏ដូចជា ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ការងារអភិវឌ្ឍន៍ ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តព្រមទាំងសន្តិសុខនៅជាប់ព្រំដែនខេត្តកំពតនិងខេត្តគៀនយ៉ាង(កម្ពុជា-វៀតណាម ) មានលក្ខណៈល្អប្រសើរគួរឲ្យកត់សំគាល់។

ដូចនេះការងារសំខាន់ នៅចំពោះមុខ សម្រាប់អនុវត្តឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពត ត្រូវតែបន្តបង្កើនពង្រឹង សកម្មភាពការងារ ឲ្យមានប្រសិទ្ធភាពទ្វេរដងបន្ថែមទៀត ដើម្បីជាការឆ្លើយតបនឹងផ្ដល់ភាពកក់ក្ដៅដើម្បីបង្កើនជំនឿចិត្តចំពោះប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខ ។

ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនពង្រឹងសកម្មការងារ ដោយកំណត់ទិសដៅ ភារកិច្ច សម្រាប់អនុវត្តបន្ត ទាំងការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ការងារគ្រប់គ្រងគ្រោះមហន្តរាយ ការរៀបចំវេទិការសាធារណៈស្ដីពីការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ការងារដោះស្រាយបញ្ហា សំណូមពរតម្រូវការ ភាពខ្វះខាតចាំបាច់ របស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ពិសេសបន្តបង្កើនការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ មុននឹងឈានដល់ការអនុវត្តច្បាប់ ។ ទន្ទឹមនឹងនោះក៏ត្រូវបង្កើន និងពង្រឹងសកម្មភាពការងារ ឲ្យបានសស្រាក់សស្រាំ និងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតី ចូលរួម រក្សាឲ្យបានល្អប្រសើរថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខដុមរមនា។

អត្ថបទទាក់ទង