រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំមន្ត្រីចុះពិនិត្យគម្រោងការដ្ឋានសាងសង់ផ្លូវបេតុងក្នុងសង្កាត់កំពង់បាយ ក្រុងកំពត

  • 622
  • ដោយ savuth

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តម​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន សង្កាត់​ ក្រុង ចុះពិនិត្យដល់ការដ្ឋានគម្រោងកសាងផ្លូវបេតុងសរសៃដែកមួយខ្សែស្ថិតក្នុងសង្កាត់កំពង់បា​យ ក្រុងកំពត ខេត្តកំពត។

ផ្លូវមួយខ្សែនេះ អាចចាត់ទុកជាផ្លូវមួយមានសារៈសំខាន់ ក្នុងការសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាការសម្រួលធ្វើឲ្យប្រសើរឡើងទាំងសណ្ដាប់ធ្នាប់អនាម័យបរិស្ថានក្រុងសម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ។ ផ្លូវមួយខ្សែនេះគឺជាផ្លូវ លេខ៧០១ បំបែក​ចេញពីផ្លូវជាតិលេខ ៣ ភ្ជាប់ទៅផ្លូវបេតុង ជាយខាងជើងក្រុងកំពត ស្របនឹងផ្លូវរថភ្លើង មានប្រវែងប្រមាណជាង៩០០ម៉ែត្រ ទទឹងមានទំហំ១២ម៉ែត្រ មានកំរាស់២តឹក មានលូអមសងខាងទំហំមាត់កាត់ ៨តឹកជាគម្រោងថវិការបស់រដ្ឋបាលខេត្ត អនុវត្តគម្រោងដោយកងវិស្វកម្ម។

ក្នុងឱកាសនោះឯកឧត្តម​ ជាវ តាយអភិបាលខេត្ត បានណែនាំដល់ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ក្នុងដំណើរការសាងសង់ ឲ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញអនុវត្តឲ្យបានឆាប់ចប់មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់ខាងមុខនេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ ចៅសង្កាត់និងអភិបាលក្រុងកំពត ក្រៅពីការស្ថាបនាផ្លូវមួយខ្សែនេះ​ហើយ​ ត្រូវសិក្សាលើគម្រោងផ្លូវនានា​ថែមទៀត ពិសេសក៏ត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ​ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឲ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត។

អត្ថបទទាក់ទង