សាខា កក្រក ខេត្តកំពត ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំត្រីមាសទី១ និងលើកផែនការអនុវត្តបន្ត ត្រីមាសទី២ ឆ្នាំ២០២១ និងរៀបចំលិខិតអំពាវនាវ ៨ឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមានៈ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងលោក លោកស្រី ប្រធានកិត្តិយស អនុសាខា ព្រមទាំងលោក លោកស្រីប្រធានគណៈកម្មាធិការ អនុសាខាក្រុង ស្រុកទាំង៨ មន្ត្រីប្រតិបត្តិសាខា សរុបប្រមាណ ៣៨រូប ស្រី១០រូប។
នាឱកាសនោះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក ទាំង៨ ព្រមទាំងក្រុមប្រតិបត្តិសាខា ដែលកន្លងមក បានធ្វើសកម្មភាពការងារមនុស្សបានយ៉ាងល្អប្រសើរ ឆ្លើយតបដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ហើយសូមអោយខិតខំធ្វើសកម្មភាពការងារមនុស្សធម៌នេះឲ្យបានកាន់តែច្រើនជាងមុន ៕