រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យវឌ្ឍនាភាពការស្ថាបនាស្ពានបេតុងត្រើយកោះ ដើម្បីទទួលបានគុណភាពស្តង់ដាតាមបច្ចេកទេស ប្រើប្រាស់យូរអង្វែង

  • 619
  • ដោយ savuth

ព្រឹក ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យការស្ថាបនាស្ពានបេតុងត្រើយកោះ ដើម្បីទទួលបានគុណភាពស្តង់ដាតាមបច្ចេកទេស ប្រើប្រាស់យូរអង្វែង ដោយមានការអមដំណើរពី ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុងកំពត ចៅសង្កាត់ និងមន្ត្រីជំនាញ។

សូមបញ្ជាក់ថា ការស្ថាបនាស្ពានបេតុងនេះ ធ្វើឡើងក្រោយពីស្ពានដែកបេឡេចាស់ទ្រុឌទ្រោម មិនអាចធ្វើចរចារ ដឹកជញ្ជូនទំនិញ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រសង្កាត់ត្រើយកោះ ក្រុងកំពត ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅបាន។ ការសាងសង់ស្ពានបេតុងនេះមានប្រវែង ៧៥ម៉ែត្រ ទទឹង ៩ម៉ែត្រ តភ្ជាប់សង្កាត់ត្រើយកោះនឹងក្រុងកំពត និងភ្ជាប់ក្បាលស្ពានត្រើយកោះ ដោយក្រាលកៅស៊ូDBSTប្រវែង ៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅកំណាត់ផ្លូវលេខ៧១៣ ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត។ គម្រោងនេះចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២០ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១នេះ។

ស្របជាមួយនឹងការចុះពិនិត្យការស្ថាបនាស្ពាននេះ ឯកឧត្តម ជាវ តាយ បានណែនាំដល់មន្ទីរជំនាញ និងក្រុមហ៊ុនម៉ៅសាងសង់ ត្រូវសហការគ្នាក្នុងដំណើរការសាងសង់ឱ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញអនុវត្តឱ្យបានឆាប់ចប់ តាមផែនការដែលបានគ្រោងទុក៕

អត្ថបទទាក់ទង