ព្រឹកថ្ងៃព្រហស្បតិ៍ ២កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន:ភាពនៃគម្រោងសាងសង់សួនច្បារ តាមបណ្តោយមាត់ព្រែក ដែលមានការអញ្ជេីញចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត អភិបាលក្រុងកំពត និងទីចាត់ការអន្តរវិស័យ សរុប ១៧នាក់។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្ដម ជាវ តាយ បានឲ្យដឹងថា ដេីម្បីគម្រោងនេះទទួលបានជោគជ័យត្រូវមានការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធទាំងអស់ ហើយត្រូវរៀបចំទៅតាមលក្ខណ:ស្តង់ដា បច្ចេកទេស ទាំងការដាក់តាំងភ្លេីងលំអរ ប្រព័ន្ធលូ ការដាំស្មៅ ផ្កា និងដេីមឈេី ធ្វេីយ៉ាងណាឲ្យមានសោភ័ណ្ឌភាពស្អាត ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្ត និងជាពិសេសត្រូវមានចំណតយានយន្តសម្រាប់ឲ្យភ្ញៀវចតផងដែរ។