រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចូលរួមពិធីប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

  • 1.0ពាន់
  • ដោយ savuth

ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសាលាដំបូងខេត្តខេត្តកំពត និងមានការអញ្ជើញចូលរួមជាគណៈអធិបតី និងជាកិត្តិយស ពីឯកឧត្តម លោកជំទាវ លោក លោក ស្រី ប្រតិភូក្រសួងយុត្តិធម៌ អភិបាលខេត្តកែប និងអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពតផងដែរ។ យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៥២១/៤០៩ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានតែងតាំងឯកឧត្តម លាង សំណាត់ ជាប្រធានសាលាដំបូងខេត្តកំពត ជំនួសឯកឧត្តម ឡុង កេសភីរម្យ ដែលត្រូវផ្ទេរទៅជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក្រៅពីជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត សក្ដានុពល និងសមទ្ធិផល ដែលរដ្ឋបាលខេត្តកំពតសម្រេចបានកន្លងមក។ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារពាក់ព័ន្ធវិស័យយុត្តិធម៌ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាដំបូងខេត្តកំពត ដែល តែងតែបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបានធ្វើឲ្យការផ្ដល់សេវាយុត្តិធម៌បម្រើជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពបានល្អប្រសើរ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណកោតសរសើរដល់ ឯកឧត្តម អភិបាលខេត្តកំពត និងខេត្តកែប ព្រមទាំងអាជ្ញាធរសមត្ថកិច្ចជំនាញ ទាំងអស់ក្នុងខេត្តទាំងពីរ គឺខេត្តកំពត និងខេត្តកែបតែងតែបានសហការជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានល្អ។ ពិសេសក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ត្រូវបានដោះស្រាយបញ្ចប់សម្រេចលទ្ធផលជោគជ័យ។

តែទោះបីយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងខេត្តទាំងពីរកំពត កែប ជាពិសេស ឯកឧត្តម លាង សំណាត់ ដែលទើបតែងតាំងជាប្រធានសាលាដំបូងខេត្តកំពតថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អ ហើយត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត៕

អត្ថបទទាក់ទង