រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចែកសម្ភារៈ ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីត១៩ក្នុងសហគមន៍ ជូនដល់រដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៥ និងពន្ធនាគារខេត្ត

  • 955
  • ដោយ savuth

ថ្ងៃ​ពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១​ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយករដ្ឋបាលសាលាខេត្ត អញ្ជើញនាំយកអំណោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងអាជីវករ ចែកជូនរដ្ឋបាលក្រុង ស្រុង មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៥ និងពន្ធនាគារខេត្ត ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីត១៩ក្នុងសហគមន៍ ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងខេត្តកំពតថ្មីៗនេះ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ មានប្រសាសន៌ថា នេះជាអំណោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងអាជីវករ ក្នុងនោះមាន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី, ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន, ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ រួមនិងសប្បុរសជន ជាអាជីវករផ្សេងទៀត ផ្ដល់ជូនរដ្ឋបាលខេត្តកំពតសម្រាប់ចែកជូនបន្តទៅរដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៥ និងពន្ធនាគារខេត្ត ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីបម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ ជាពិសេស​សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តកំពត។

អំណោយចែកជូន មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៥ រដ្ឋបាលក្រុង ស្រុង និងពន្ធនាគារខេត្ត រួមមាន៖
១.មន្ទីរសុខាភិបាលខេត្ត៖ ទទួលបានឧបករណ៌ធ្វើតេស្តរហ័ស កូវីដ-១៩ ចំនួន ៣.៤៥០តេស្ត និងថ្នាំពេទ្យ ៥១០ប្រអប់។
២.មន្ទីរពេទ្យបង្អែកទាំង៥ ក្នុង១មន្ទីរពេទ្យទទួលបាន៖
-អាល់កុល ចំនួន២កាន ស្មើនឹង ១០កាន(៣០០លីត្រ)
-ជែលលាងសម្អាតដៃ ចំនួន១កេស ស្មើនឹង៥កេស (៩០ដប)
-ម៉ាស់ចំនួន ២កេស ស្មើនឹង១០កេស (២៥,០០០ម៉ាស់)
-ទឹកខ្ពុលមាត់ ចំនួន៦០ដប ស្មើនឹង៣០០ដប
-ធុងបាញ់ថ្នាំចំនួន ៣ធុង ស្មើនឹង១៥ធុង
៣.រដ្ឋបាលក្រុង ស្រុក ក្នុង១ស្រុក ទទួលបានម៉ាស ចំនួន១កេស ស្មើនឹង៨កេស (២០,០០០ម៉ាស់)
៤.ពន្ធនាគារខេត្ត ទទួលបាន អាល់កុលចំនួន២កាន និងម៉ាស់ចំនួន ២កេស ស្មើនឹង ៥,០០០ម៉ាស់៕

អត្ថបទទាក់ទង