ព្រឹក.ថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អញ្ជើញចែកសម្ភារៈ ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីត១៩ក្នុងសហគមន៍ ជូនដល់មណ្ឌលសុខភាពទាំង៦៦ ទូទាំងខេត្តកំពត។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៌ថា សម្ភារ:ដែលបានចែកជូនមណ្ឌលសុខភាពទាំង៦៦ ទូទាំងខេត្ត គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ចែកជូនបម្រើសកម្មភាពប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ ជាពិសេសសម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល នឹងធ្វើចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តកំពត។
អំណោយទាំងនោះរួមមាន÷ ម៉ាស់ចំនួន៣៣០ប្រអប់ ស្មើ១៦,៥០០សន្លឹក និងទឹកអាល់កុល៩៩០លីត្រ ជូនដល់មណ្ឌលសុខភាពទាំង៦៦ក្នុងខេត្តកំពតដោយក្នុងមួយមណ្ឌលសុខភាពទទួលបានម៉ាស់ចំនួន៥ប្រអប់ និងទឹកអាល់កុលចំនួន១៥លីត្រ។