ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមនឹងឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ បានទទួលស្វាគមន៍តំណាងប្រតិភូអង្គការចៃកា ដែលដឹកនាំដោយ លោកស្រី ហា យុ និងលោក យ៉ម៉ា សាគិ ទីប្រឹក្សាបច្ចេកទេស នៃអង្គការចៃកា មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីពិភាក្សាលើការអភិវឌ្ឍន៍ មន្ទីរពេទ្យបង្អែកខេត្ត ឲ្យក្លាយទៅជាមន្ទីរពេទ្យតំបន់។
មានប្រសាសន៍នៅក្នុងកិច្ចជំនួបនេះ ឯកឧត្តម អភិបាលខេត្តកំពត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបង្ហាញពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលលើវិស័យទេសចរណ៍ វិស័យកសិកម្ម ក៏ដូចជាវិស័យសុខាភិបាលខេត្ត ជូនដល់ប្រតិភូអង្គការចៃកា។
តំណាងប្រតិភូអង្គការចៃកា បានធ្វើការបង្ហាញថា បេសកកម្មមកខេត្តកំពតលើកនេះ គឺតាមរយៈការស្នើសុំរបស់ក្រសួងសុខាភិបាល ដើម្បីសិក្សាអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ ក៏ដូចជាពង្រីកសេវាសុខាភិបាលឲ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។ ហើយការសិក្សាគម្រោងមន្ទីរពេទ្យតំបន់នេះ គឺធ្វើឡើងនៅខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ គម្រោងនេះគឺធ្លាប់បានធ្វើរួចហើយនៅឆ្នាំ២០១៧ ប៉ុន្តែមិនបានជោគជ័យ ទើបអង្គការចៃកាបានរៀបចំយន្តការថ្មី ដើម្បីសិក្សាឲ្យកាន់តែលម្អិត និងស៊ីជម្រៅ ឈានទៅរកការជោគជ័យ។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវមតិគាំទ្រដល់គម្រោង និងស្នើលោកប្រធានមន្ទីរសុខាភិបាលខេត្តត្រូវចូលរួមសហការ ដើម្បីសម្រួលដល់ដំណើរការសិក្សា និងវាយតម្លៃ របស់ប្រតិភូអង្គការចៃកា ដើម្បីឲ្យគម្រោងនេះឆាប់ទទួលបានជោគជ័យ។