រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋ និងពិនិត្យនៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅតាមបណ្ដាស្រុកមួយចំនួន នៃខេត្តកំពត

  • 853
  • ដោយ savuth


នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំឯកឧត្តមអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលរដ្ឋបាលខេត្តកំពតបានអនុវត្តលើកទី៤ និងបានពិនិត្យមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅស្រុកឈូក អង្គរជ័យ និងបន្ទាយមាស។

ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការការពារជំងឺកូវីដ១៩ តាមគោលការណ៍ស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ដែលរដ្ឋបាលខេត្តកំពត បានអនុវត្តពេលនេះគឺចាប់ផ្ដើមដំណើរការពីថ្ងៃទី៦ និងអាចបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១នេះតាមផែនការគ្រោងទុក ដែលជាប្រភេទវ៉ាក់សាំងJohnson and Johnson មានចំនួនសរុប២១២.៤៤៦ដូស ដោយអនុវត្តការចាក់ទៅលើប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ តែចំនួន១ដងឬ(១ដូស)តែប៉ុណ្ណោះ។ ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះផងដែរ គឺបានអនុវត្ត នៅក្នុងស្រុកចំនួន៤ ដែលមានទីតាំងសរុបចំនួន២១ទីតាំង ។

មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានកោតសរសើរនិងថ្លែងអំណរគុណ ចំពោះអាជ្ញាធរ ព្រមទាំងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ចូលរួមសហការ អនុវត្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ និងការចូលរួមអនុវត្តនូវបទបញ្ជា និងវិធានការណែនាំសំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារាចរលេខ០៥របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជូនរាជធានី ខេត្តឲ្យអនុវត្តពេលថ្មីៗនេះ។ ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់អាជ្ញាធរ និងក្រុមគ្រូពេទ្យ ឲ្យបន្តយកចិត្តទុកដាក់សហការអនុវត្តការងារដ៏មានសារៈសំខាន់ចាំបាច់នេះឲ្យបានល្អប្រសើរថែមទៀត ស្របទៅតាមអ្វីដែលជាគោលការណ៍និងវិធានការសុខាភិបាល ក៏ដូចជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ សំដៅធ្វើយ៉ាងណាការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីត១៩ ចូលក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត ក៏បានសម្ដែងក្ដីរីករាយដែលបានឃើញប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករ។តែទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងឱ្យបន្តមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះឲ្យបានគ្រប់ៗគ្នា ដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ លោកបានខិតខំ រិះរកគ្រប់មធ្យោបាយ ដើម្បីយ៉ាងណារកវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋដោយ មិនគិតថ្លៃនិងមិនមានការរើសអើងអ្វីឡើយតាមគោលការណ៍ស្ម័គ្រចិត្ត ។ ឯកឧត្តមអភិបាលខេត្តក៏បានសូមការ អធ្យាស្រ័យពីប្រជាពលរដ្ឋ ដែលបានមករងចាំការទទួលចាក់វ៉ាក់សាំងយូរ ដោយមូលហេតុជួបបញ្ហាប្រឈមនានា ក្នុងការអនុវត្ត ។ ឯកឧត្តមក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋ បើទោះបីទទួលបានការចាក់វ៉ាក់សាំងហើយក្ដី សូមកុំភ្លេចអនុវត្តនូវវិធានការ ៣កុំ ៣ការពារឱ្យបានជាប្រចាំ តាមការអំពាវនាវរបស់សម្ដេចតេជោហ៊ុនសែន ក៏ដូចជាវិធានការសុខាភិបាលឲ្យបានល្អផងដែរ។

នៅក្នុងដំណើរចុះពិនិត្យស្ថានភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកា សរុប ១៥,០០០,០០០ រៀល ដល់ក្រុមគ្រូពេទ្យនៅក្នុងស្រុកចំនួន៣គឺស្រុកឈូក អង្គរជ័យនិងស្រុកបន្ទាយមាស ក្នុងមួយស្រុកទទួលបានថវិកាចំនួន៥លានរៀលផងដែរ។

អត្ថបទទាក់ទង