ព្រឹក ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោកមេបញ្ជាការកងកម្លាំងសហការដែលមានទីបញ្ជាការក្នុងភូមិសាស្ត្រខេត្តកំពត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតទាំងមូល។
កិច្ចប្រជុំអនុវត្តទៅតាមរបៀបវារៈដូចខាងក្រោម÷
១.ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២១
២.ផ្សព្វផ្សាយលិខិតលេខ ០១២ សនគ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលស្ដីពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព
៣.សេចក្ដីរាយការណ៍របស់ឯកឧត្តមប្រធានមន្ទីរសុខាភិបាលពាក់ព័ន្ធថវិការាជរដ្ឋាភិបាលសម្រាប់ការបូជាសពស្លាប់ដោយសារជំងឺកូវីដ១៩ និងប្រាក់ឧបត្ថម្ភជូនគ្រូពេទ្យដែល បំពេញកាតព្វកិច្ចក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩
៤.សេចក្ដីរាយការណ៍របស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, បញ្ហាគ្រឿងញៀន, ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ប្រជាពលរដ្ឋចំណាកស្រុកពីក្រៅប្រទេស
៥.ផ្សព្វផ្សាយរបាយការណ៍របស់មន្ទីរបរិស្ថានស្ដីពីការរុករានដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងភូមិសាស្ត្រខេត្តកំពត ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១
៦.សេចក្ដីរាយការណ៍របស់លោក លោកស្រីអភិបាលក្រុង ស្រុក អំពីសភាពការណ៍ទូទៅ សភាពការណ៍នយោបាយ បញ្ហាដីធ្លី ស្ថានភាពទូទៅនៃជំងឺកូវីដ១៩ ការចាក់វ៉ាក់សាំង មណ្ឌលចត្តាឡីស័ក វិធានការចំពោះមុខ ។