រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ជួបប្រជុំជាមួយម្ចាស់តូបដើមបណ្ដឹង និងអាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត ដើម្បីសម្របសម្រួលដោះស្រាយពាក់ព័ន្ធបញ្ហាទំនាស់ពាក្យបណ្ដឹងអូសបន្លាយយូរឆ្នាំ

  • 787
  • ដោយ savuth

ព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំ សាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានជួបប្រជុំជាមួយម្ចាស់តូបដើមបណ្ដឹង និងអាជីវករលក់ដូរចំនួន៣២នាក់ក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហាពាក់ព័ន្ធការប្ដឹងផ្ដល់ចូលដល់តុលាការ អូសបន្លាយយូរឆ្នាំមកហើយ។

ដោយឡែកសម្រាប់ជាលទ្ធផលក្នុងកិច្ចប្រជុំនាពេលនេះ ក្រោមកិច្ចសម្របសម្រួលជាលើកចុងក្រោយម្តងទៀត របស់ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានធ្វើការសម្របសម្រួលដោះស្រាយជូនភាគីទាំងពីរ ដើមបណ្ដឹង និងចុងបណ្ដឹងជាអាជីវករទាំងចំនួន៣២នាក់ បានឯកភាពទទួលយកនៅដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា ក្នុងនោះគឺ៖
ទី១-អាជីវករយល់ព្រមទទួលការបង់ប្រាក់ចំនួន៥ពាន់ដុល្លារផ្ដាច់ ជូនម្ចាស់តូប ដើមបណ្ដឹង តាមរយៈរដ្ឋបាលក្រុងកំពតរៀបចំឯកសារជូន ។
ទី២-ដើមបណ្ដឹងក្រោយពីទទួលបានប្រាក់គ្រប់ចំនួន៥ពាន់ដុល្លារពីអាជីវករ ម្នាក់ៗហើយ ត្រូវតែសម្រេចដកពាក្យបណ្ដឹងលើអាជីវករទាំងនោះចេញពីស្ថាប័នតុលាការ។
ទី៣-អាជីវករត្រូវបង់ប្រាក់ឱ្យបានគ្រប់ចំនួន៥ពាន់ដុល្លារតែមួយដងគត់នៅថ្ងៃទី ១០ ឬយ៉ាងយូរថ្ងៃទី១៥ ខែកញ្ញា ២០២១ នេះ។
ទី៤-ចំពោះដំបូលតូបមានការធ្លុះធ្លាយមានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ ចំនួន៨ តូប ដែលត្រូវប្រគល់ឱ្យអាជីវករកាន់កាប់ស្របតាមលិខិតបទដ្ឋានច្បាប់ រដ្ឋបាលខេត្តនឹងជំរុញការសាងសង់ដំបូលជូន ប៉ុន្តែមានការចូលរួមបដិភាគពីអ្នកវិនិយោគទុនផ្សារសាមគ្គីនេះ នូវចំនួនទឹកប្រាក់២៥០០ដុល្លារផងដែរ។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តមជាវ តាយអភិបាលខេត្ត បានថ្លែងអំណរគុណ កោតសសើរ ចំពោះប្រជាពលរដ្ឋទាំងពីរភាគី គឺដើមបណ្ដឹងនិងអាជីវករចុងបណ្ដឹង ដែលបានយល់ព្រមទទួល យកនូវការសម្របសម្រួលដំណោះស្រាយ តាមគោលនយោបាយឈ្នះឈ្នះ ដែលសម្ដេចតេជោ ហ៊ុន សែន តែងបានដាក់ចេញក្នុងការអនុវត្តរកសន្តិភាពជូនប្រទេសជាតិនិងជំរុញឲ្យដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំយកចិត្តទុកដាក់ដើម្បីអនុវត្ត ធ្វើយ៉ាងណា សម្របសម្រួលដោះស្រាយឱ្យសង្គមគ្រួសារ និងប្រជាពលរដ្ឋបានឈ្នះដោយអាចទទួលយកបានទាំងអស់គ្នា ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋភាគីទាំងសងខាងដើមបណ្ដឹងនិងអាជីវករ ក្រោយពីទទួលយកការសម្របសម្រួល ឯកភាពគ្នានៅក្នុងកិច្ចប្រជុំនេះទៅ ត្រូវតែអនុវត្តបំពេញតាមលក្ខខណ្ឌ ឲ្យបានរៀងៗខ្លួនដើម្បីការឈ្នះទាំងអស់គ្នា។

អត្ថបទទាក់ទង