រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដើម្បីពិនិត្យ ពិភាក្សាលើសំណើសុំដីទំហំ៣០ហិកតា ធ្វើទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត

  • 645
  • ដោយ savuth

ឯកឧត្តមអភិបាលខេត្ត បានដឹកនាំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សាទៅលើសំណើសុំដីមួយកន្លែង ទំហំ៣០ហិកតា ស្ថិតនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដើម្បីយកធ្វើទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់តំបន់ប្រតិបត្តិការសឹករងកំពត។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកស្រីអភិបាលក្រុងបូកគោ និងនាយកទីចាត់ការពាក់ព័ន្ធចំណុះសាលាខេត្ត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានមានប្រសាសន៍ថា ចំពោះផ្ទៃដីមានទំហំ ៣០ហិកតា តាមសំណើរបស់ លោក ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពត ក្រុមការងារបានចុះពិនិត្យជាក់ស្ដែង ឃើញថាមានទំហំត្រឹមតែ ២៤,៣៣ហិកតា ដោយកាត់ចំណីអូរ និងផ្លូវទំហំ ៥,៦៧ហិកតា ហើយទីតាំងនេះ ជាតំបន់វាលរាប ខ្ពង់រាប អូរ ហើយផ្ទៃដីទាំងមូលត្រូវបានឈូសឆាយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមួយចំនួនទៀតជាដីព្រៃរិចរឹល មានលក្ខណៈភូមិសាស្ត្រល្អក្នុងការយកមកធ្វើទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត។

អង្គប្រជុំបានសម្រេចឯកភាពជាឯកច្ឆ័ន្ទ រៀបចំសំណើទៅក្រសួងការពារជាតិ តាមរយៈបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីសុំចុះបញ្ជីជាទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិត ជូនតំបន់ប្រតិបត្តិការសឹករងកំពត ។

អត្ថបទទាក់ទង