ព្រឹកថ្ងៃ ពុធ ២កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគម្រោងបង្កេីតតំបន់គ្រប់គ្របជលផលសមុទ្រនៅសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលមានការអញ្ចេីញចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ត ប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុងបូកគោ។
តំបន់គ្រប់គ្រងជលផលសមុទ្រ គឺជាដែននេសាទដែលមានព្រំប្រទល់ទំហំនិងមាននិយាមកាព្រមទាំងមានផែនការគ្រប់គ្រងច្បាស់លាស់ដើម្បីការនេសាទជាលក្ខណៈគ្រួសារប្រកបដោយនិរន្តរភាព ការពារជីវៈចម្រុះប្រកបដោយប្រសិទ្ធភាពលើកស្ទួយជីវភាពរស់នៅរបស់ប្រជានេសាទដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់វិស័យអេកូទេសចរណ៍។
បន្ទាប់ពីបានស្តាប់នូវបទបង្ហាញ និងមតិចូលរួមក្នុងកិច្ចប្រជុំរួចមក ឯកឧត្ដម ជាវ តាយ មានប្រសាសន៍ៈ
១.គាំទ្រគម្រោងបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រក្នុងភូមិសាស្រ្តសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ
២.ចាត់អភិបាលរងទទួលបន្ទុកបង្កេីតក្រុមការងារចុះពិនិត្យទីតាំង ដេីម្បីធ្វេីការផ្ទៀងផ្ទាត់ជាមួយផែនទីដេីម្បីឈានទៅធ្វេីការចុះហត្ថលេខា
៣. គាំទ្រការលើកឡើងគ្រប់ជំនាញពាក់ព័ន្ធនឹងធ្វើការបែងចែកច្បាស់លាស់តំបន់វិនិយោគនិងតំបន់អភិរក្សដែលជាចំណុចសំខាន់ក្នុងកិច្ចប្រជុំជាពិសេសត្រូវចូលរួមទាំងអស់គ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិទាំងអស់នេះ ដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគ ជាកន្លែងទេសចរណ៍និងអភិរក្សធនធានធម្មជាតិដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជាខេត្តកំពតទាំងមូល។
ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់ជំនាញក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាឲ្យបានល្អពន្លឿនកិច្ចការនេះឲ្យបានឆាប់រហ័សដូចអ្វីដែលបានលេីកឡេីងដើម្បីឈានទៅដល់ការចុះហត្ថលេខាកំណត់លេីប្លង់ដែលយេីងបានធ្វេីការអភិរក្ស។