រសៀលថ្ងៃចន្ទ ១៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អង្គភាពចំណុះសាលាខេត្តចុះពិនិត្យមេីលទីតាំងដែលអ្នកវិនិយោគស្នេីសុំវិនិយោគ និងអភិវឌ្ឍន៍ឆ្នេរព្រែកកំពង់បាយ ចាប់ពីខាងត្បូងកីឡាលេីទឹករហូតដល់ខាងត្បូងរូបសំណាកព្រះអង្គឌួង សរុបប្រវែងប្រហែលជិត៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តសូមស្វាគមន៍នូវរាល់ការវិនិយោគ ដែលធ្វេីការអភិវឌ្ឍន៍ខេត្ត ហើយឯកឧត្តមតែងតែលេីកទឹកចិត្ត គាំទ្ររាល់ការវិនិយោគ ដែលចំណេញដល់ប្រជាពលរដ្ឋ ក៏ដូចជាខេត្តផងដែរ។ ជាក់ស្ដែងការចុះមកពិនិត្យដល់ ទីតាំងគម្រោងនេះ គឺក្នុងគោលបំណងដើម្បី សិក្សា និងទាមទារឲ្យមានការចូលរួមមតិយោបល់ ពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធសំដៅធ្វើយ៉ាងណាឱ្យដំណើរការអភិវឌ្ឍន៍ ប្រកបដោយគុណភាព និរន្តរភាពបញ្ចៀសបាននូវផលប៉ះពាល់ឲ្យនៅមានកម្រិតតិចបំផុត និងបម្រើដល់ផលប្រយោជន៍សាធារណជនឲ្យបានច្រើន។
ឯកឧត្ដមអភិបាលខេត្តបានបន្តទៀតថា មុននឹងឈានទៅសម្រេចយល់ព្រមលើគម្រោងវិនិយោគ អ្នកវិនិយោគត្រូវរៀបចំគម្រោងប្លង់មេដាក់មករដ្ឋបាលខេត្ត ដេីម្បីខេត្តប្រជុំពិភាក្សាឈានទៅចុះហត្ថលេខាអនុញ្ញាតជូន។
ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ខេត្តកំពតពិសេសទីក្រុងកំពត នៅពេលខាងមុខ ក្រោយពីបង្កើតបាននូវគម្រោងថ្មីមួយនេះបន្ថែមទៀត នឹងអាចមាននូវហេដ្ឋារចនាសម្ព័ន្ធបម្រើក្នុងវិស័យទេសចរណ៍ និងបង្កើតបានភាពទាក់ទាញព្រមទាំងអាជីវកម្មការងាររួមនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងមួយកម្រិតទៀត។