រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពត សំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១

  • 468
  • ដោយ savuth

រសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសន្និសិទបូកគោ នៃសាលាខេត្តកំពត មានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រសួងមហាផ្ទៃ ក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ ១៦២រូប។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរចំពោះបងប្អូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញអស់សមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទី គាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ ពីច្រើនមកតិច និងពីតិចទៅអត់។

ឯកឧត្តមបានបញ្ជាក់ទៀតថា ខ្ញុំក៏សូមយកឱកាសនៃការជួបជុំគ្នានៅថ្ងៃនេះ សំណូមពរដល់មន្ត្រីរាជការទាំងអស់នៅក្នុងសាលាខេត្ត សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាព័ត៌មានទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះផងដែរ ក៏សូមស្នើឱ្យមន្ត្រីយើងម្នាក់ៗខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានពិសោធន៍ការងារមុនៗ ហើយក៏សំណូមពរដល់ថ្នាក់ដឹកនាំនៅតាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ឬក៏អាចនិយាយបានថា អ្នកចេះបង្រៀនអ្នកមិនចេះហើយអ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ។

សូមជម្រាបថា សម្រាប់ការជួបជុំគ្នានៅថ្ងៃនេះ
ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាសរុបចំនួន ៨៨.៤០០.០០០រៀលជូនដល់៖
-ថវិកាជូនឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្តសរុបចំនួន ២៥នាក់ ក្នុងម្នាក់ៗផ្តល់ជូនថវិកាចំនួន ៨០ម៉ឺនរៀល សរុបថវិកាចំនួន ២០លានរៀល
-ថវិកាឧបត្ថម្ភមន្ត្រីរាជការចំណុះសាលាខេត្តម្នាក់ៗចំនួន ៤០ម៉ឺនរៀល សរុបចំនួន ១៣១នាក់ អស់ថវិកាចំនួន ៥៥.៤០០.០០០រៀល
-ថវិកាឧបត្ថម្ភមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តសរុបចំនួន ៥៩នាក់ ក្នុងម្នាក់ៗផ្តល់ជូនថវិកា
ចំនួន ២០ម៉ឺនរៀល សរុបថវិកាចំនួន ១១.៨០០.០០០រៀល
-ថវិកាឧបត្ថម្ភនគរបាលប្រចាំការនៅសាលាខេត្តសរុបចំនួន ០៦នាក់ ក្នុងម្នាក់ៗផ្តល់ជូនថវិកាចំនួន ២០ម៉ឺនរៀល សរុបថវិកាចំនួន ១.២០០.០០០រៀល។

អត្ថបទទាក់ទង