ព្រឹកថ្ងៃអាទិត្យ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រខេត្តកំពត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីនាយក នយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត កងកម្លាំងវរៈសេនាតូចលេខ៦០១ នគរបាលការពារព្រំដែនគោកកម្ពុជា-វៀតណាម វរៈសេនាតូចលេខ២ យោធាការពារព្រំដែនគោក និងវរៈសេនាតូចលេខ២៤១ នគរបាលការពារព្រំដែនទឹក។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ជាវ តាយ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនកងកម្លាំងទាំងអស់ អភិបាលក្រុង-ស្រុក មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ចូលរួមគាំទ្រយ៉ាងសកម្មក្នុងការអនុវត្ត នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យមានស្ថេរភាពល្អប្រសើរជាពិសេសការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ យ៉ាងមានប្រសិទ្ធភាពក្នុងភូមិសាស្ត្រខេត្ត នាពេលកន្លងមក។
ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ទាំងព្រំដែនគោក និងព្រំដែនទឹក ដើម្បីបង្កាទប់ស្កាត់ ការលបលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ និងដោយមិនបានឆ្លងកាត់ការធ្វើតេស្តត្រួតពិនិត្យសុខភាព។ សូមឱ្យកងកម្លាំងរបស់យើងទាំងអស់ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានជាប់ជាប្រចាំ ដើម្បីសហគមន៍របស់យើងគ្មានជម្ងឺកូវីដ ១៩។
ថវិកា និងគ្រឿងឧបភោគ-បរិភោគ សម្រាប់ចែកជូនដល់អង្គភាពទាំងបី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ រួមមាន ៖
១-ថវិកាក្នុង១អង្គភាព ចំនួន ២០លានរៀល សរុប៣អង្គភាពចំនួន ៦០លានរៀល
២-មីចំនួន ១០កេះធំ ក្នុង១អង្គភាព សរុប៣អង្គភាពចំនួន៣០កេះ
៣-ម៉ាស់ចំនួន ៥,០០០ម៉ាស់ ក្នុង១អង្គភាព សរុប៣អង្គភាពចំនួន១៥.០០០ម៉ាស់
៤-អាល់កុលចំនួន ២កាន ក្នុង១អង្គភាព សរុប៣អង្គភាពចំនួន៦កាន
៥-ត្រីខចំនួន ១០កេះ ក្នុង១អង្គភាព សរុប៣អង្គភាពចំនួន៣០កេះ
៦-អង្ករចំនួន ៥០០គីឡូក្រាម ក្នុង១អង្គភាព សរុប៣អង្គភាពចំនួន១,៥០០គីឡូក្រាម