នាព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់កំពង់កណ្តាល ក្រុងកំពត បន្ទាប់ពីឯកឧត្ដម និងលោកជំទាវ ជួបសំណេះសំណាលជាមួយក្រុមគ្រួសារម៉ូតូឌុប និងតាក់ស៊ី ក្រុងកំពត ព្រមទាំងបេីកការដ្ឋានសាងសង់ផ្លូវបេតុង មួយខ្សែ ក្នុងសង្កាត់ក្រាំងអំពិលរួចមក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ដែលខ្លួនបានចុះឈ្មោះពីមុន ចំពោះក្មួយៗដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕