ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ ២.០០០ គ្រួសារ នៅសាលាខេត្តកំពត ដែលមានគ្រួសារម៉ូតូឌុប គ្រួសារប្រជានេសាទ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលត្រូវបានមកទទួលស្បៀង មានអង្ករ១០គីឡូក្រាម និងទឹកត្រី ១ដប ពីរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅបរិវេណសាលាខេត្តកំពត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមក៏បានមានប្រសាសន៍ថា ៖ បងប្អូនយើងមកយកស្បៀងទៅទទួលទាននេះអាចដំណើរការទៅបានគឺប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សិល្បៈនៃការចែករំលែក និងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ប្រជាពលរដ្ឋជាច្រើនបានរងផលប៉ះពាល់ ទៅលើមុខរបរ អាជីវកម្ម និងប្រាក់ចំណូលប្រចាំថ្ងៃ ហើយដើម្បីសម្រួលដល់ការខ្វះខាតក្នុងជីវភាពរស់នោះឯកឧត្តមបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវទំនាក់ទំនង់ទៅអាជ្ញាធរមូលដ្ឋានជាមុនសិន ដើម្បីទទួលបានប័ណ្ណមកបើកស្បៀងអាហារពីរដ្ឋបាលខេត្ត តាមផែនការដែលរដ្ឋបាលខេត្តបានកំណត់ គឺការចែកស្បៀងនេះជារៀងរាល់ ៣ដង ក្នុងមួយសប្តាហ៍ គឺថ្ងៃ ចន្ទ ពុធ និងថ្ងៃសុក្រ។
ឯកឧត្តមបានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានវត្តមានរបស់សម្តេច។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបរបររកស៊ីទទួលទាន បង្កើនការដាំដុះ ការចិញ្ចឹមសត្វ ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ពិសេសត្រូវទៅចាក់ វ៉ាក់សាំង ការពារ និងបន្តខិតខំចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ព្រមទាំងពិនិត្យមើលឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា៕