រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ថុង ធារី បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល នាពេលខាងមុខនេះ

  • 335
  • ដោយ savuth

រសៀលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅសាលសន្និសិតបូកគោ សាលាខេត្តកំពត ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ថុង ធារី បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល នាពេលខាងមុខនេះ។

អញ្ជើញចូលរួមក្នុងពិធីនារសៀលនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការចំណុះសាលាខេត្ត។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម បណ្ឌិត អភិបាលនៃគណៈអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំបំពេញការងារកន្លងមក ទើបថ្ងៃនេះថ្នាក់ដឹកនាំខេត្តបានរៀបចំពិធីសំណេះសំណាលនេះឡើង និងមានសម្ភារៈ និងថវិកាមួយចំនួនជូនដល់មន្ត្រីយើង ជាការលើកទឹកចិត្ត និងដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងលទ្ធផលនៃការអនុវត្តការងារល្អប្រសើរកន្លងមកនេះ ឯកឧត្តម បានសំណូមពរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវខិតខំបំពេញការងារបន្ថែមទៀត ប្រកបដោយក្រមសីលធម៌ល្អ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈជាមន្ត្រី និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ជាពិសេសត្រូវខិតខំបង្កើននូវចំណេះដឹង និងទំនាក់ទំនងល្អក្នុងជួរមន្ត្រីរាជការជុំវិញខេត្ត៕

អត្ថបទទាក់ទង