រសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ថុង ធារី ជឹង ផល្លា បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា ប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើង ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ តែងមានរបស់កំដរដៃជូនគ្នាទៅវិញទៅមក ពិសេសសម្រាប់លោកអ្នកមានគុណ ដែលបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់អំពីសុខទុក្ខដល់លោក។
ឯកឧត្តមបានបញ្ជាក់ទៀតថា មន្ត្រីរាជការទាំងអស់ត្រូវចេះដឹងគុណ តបគុណចំពោះអ្នកដែលបាននាំមកនូវសុខសន្តិភាពសម្រាប់ប្រទេសជាតិ ដែលប្រមាណជាងប្រាំរយឆ្នាំមកនេះប្រទេសជាតិយើងមិនដែលបានជួបនូវសុខសន្តិភាពពេញផ្ទៃប្រទេសដូចសព្វថ្ងៃនេះទេ។ អ្វីៗដែលយើងមានគឺបានមកដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតទៅប្តូរ ហើយនាំមកនូវសុខសន្តិភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
ឯកឧត្តម បានណែនាំដល់មន្ត្រីរាជការទាំងអស់ត្រូវធ្វើខ្លួនឲ្យក្លាយជា មន្ត្រីរាជការគំរូ ជាកូនល្អ និងជាពលរដ្ឋល្អ ដើម្បីចូលរួមជាមួយសង្គមជាតិយើង ធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសក្នុងការបំពេញភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបានផ្សព្វផ្សាយដល់មន្ត្រីរាជការបានដឹងអំពីគម្រោងរបស់ខេត្តក្នុងការរៀបចំឆ្នេរពីរទីតាំង សម្រាប់បម្រើឲ្យទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តក្នុងភូមិសាស្ត្រខេត្តកំពត ដែលគម្រោងនោះគឺរៀបចំនៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយ។
សូមជម្រាបថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានឧប្ថម្ភ ថវិកា សម្ភារៈ មួយចំនួនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត របស់សាលាខេត្តទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០០.០០០៛ អង្ករ៥០គ.ក អង្ករដំណើប១០គ.ក សណ្តែកខៀវ០៣គ.ក ត្រីខ២យួរ មី២កេស ទឹកក្រូច២កេស និងតាំងហ៊ុន១ថង់។