ព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួនប្រមាណ៥១៣គ្រួសារ កាលពីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងឃុំចំនួន៣នៃស្រុកទឹកឈូ ខេត្តកំពត។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីមន្ត្រីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល និងមន្ត្រីសាលាស្រុកទឹកឈូ អាជ្ញាធរឃុំពាក់ព័ន្ធ រួមជាមួយយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពត យុវជនកាយាឬទ្ធិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្រុក និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ស្រុក។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិត អភិបាលនៃគណៈអភិបាលខេត្ត បានពាំនាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តបានសំដែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់នេះ ដែលបានធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ និងខូចខាតសម្ភារៈមួយចំនួន។ ក្នុងឱកាសនោះឯកឧត្តមបាននាំមកនូវគ្រឿងឧបភោគ បរិភោគ របស់សាខាកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនរងគ្រោះដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥០គ.ក មី២កេស ទឹកត្រីមួយយួរ ត្រីខមួយយួរ និងថវិកា៥ម៉ឺនរៀល ដោយឡែកបងប្អូនប្រជាពលរដ្ឋចំនួន០៩គ្រួសារ ដែលផ្ទះរលំទាំងស្រុង ទទួលបានសម្ភារៈ និងថវិកាបន្ថែម ដោយក្នុងមួយគ្រួសារទទួលបានស័ង្កសី១០០សន្លឹក និងថវិកា២លានរៀល។