រសៀលថ្ងៃអាទិត្យ ១៣កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ ថុង ធារី ជឹង ផល្លា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក "ង" ខ្នាតប្រពៃណី ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបរិវេណមាត់ព្រែកកំពង់បាយ (តំបន់កោះស្មៅ) ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល ក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្តកំពត លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន កំលាំងយុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពត បានរៀបចំព្រឹត្តិការណ៍នេះឡើងអមដោយការសម្តែងសិល្បៈប្រពៃណី ការប្រគុំតន្ត្រី ស្តង់តាំងពិពណ៌ទំនិញផ្សេងៗ និងការតាំងពិពណ៌ភូមិមួយ ផលិតផលមួយ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២៕