រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤

  • 22
  • ដោយ savuth

រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម។ 

បន្ទាប់ពីចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្ររួចមក នាល្ងាចថ្ងៃដដែលឯកឧត្តម បណ្ឌិត អភិបាលខេត្ត បានបន្តចុះពិនិត្យទីតាំងដើម្បីរៀបចំកែលម្អបន្ថែមនៅសួនបាញ់ទឹក រួមទាំងដាក់ភ្លើងលម្អជាដើម នៅរមណីយដ្ឋានស្រះឈូក ស្ថិតនៅខាងក្រោយសាលាខេត្តកំពត  ហើយសួនទឹកនេះនឹងស្ថិតនៅចំកណ្តាលនៃរមណីយដ្ឋានស្រះឈូក ដើម្បីបន្ថែមនូវសោភណភាព សម្រាប់ភ្ញៀវទេសចរមកអង្គុយលេងកម្សាន្ត ជាពិសេសជាកន្លែងអាចហាត់ប្រាណដ៏ពេញនិយមផងដែរ។

សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ : ៧៧៥ សជណ.ពទ ចុះថ្ងៃពុធ ៦ កើត ខែជេសដ្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ពិធីបុណ្យសមុទ្រ ឯកភាពកំណត់យកខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ពិធីបើកជាផ្លូវការនឹងប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

អត្ថបទទាក់ទង