រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ចុះពិនិត្យស្វែងយល់វាយតម្លៃលើផលប៉ះពាល់ស្រូវនិងហេដ្ឋារចនាសម្ព័ន្ធដោយជំនន់ទឹកភ្លៀងក្នុងស្រុកកំពង់ត្រាចនិងស្រុកបន្ទាយមាស

  • 631
  • ដោយ savuth
នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែកក្តិក ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធចុះតាមបណ្ដាឃុំមួយចំនួនក្នុងស្រុកចំនួនពីរគឺស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ដើម្បីពិនិត្យស្វែងយល់និងវាយតម្លៃ និងការដោះស្រាយអំពីផលប៉ះពាល់ ពាក់ព័ន្ធលើការងារមួយចំនួនក្នុងនោះរួមមាន៖
១-ពិនិត្យលើផលប៉ះពាល់ដំណាំស្រូវ
២-ពិនិត្យលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវលំនិងប្រឡាយទឹក
៣-ស្វែងយល់និងត្រៀមរកទីផ្សារស្រូវសំរាប់ប្រជាកសិករ ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា សុខទុក្ខលំបាក របស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ។ ពិសេសវត្តមានថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ ចុះមកជួបប្រជាពលរដ្ឋនាពេលនេះ គឺជាការឆ្លើយតប ឲ្យបានទាន់ពេលវេលា តាមប្រសាសន៍ណែនាំផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន ដើម្បីធ្វើយ៉ាងណាឱ្យអាជ្ញាធរខេត្ត ស្រុកធ្វើការសិក្សាវាយតម្លៃ បានជាមូលដ្ឋាន អំពីការរងផលប៉ះពាល់ជាក់លាក់ទាំងការងារបង្កបង្កើនផល និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន រួមនិងតម្រូវការសំណូមពរជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍ធ្វើការស្ដារឡើងវិញឲ្យបានឆាប់រហ័សទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នា ធ្វើការវាយតម្លៃនៃការខូចខាតឲ្យបានច្បាស់លាស់ និងផែនការជាក់លាក់ ដើម្បីជាវិធានការអន្តរាគមន៍ក៏ដូចជាការផ្ដល់ពូជស្រូវជួយដល់ប្រជាពលរដ្ឋក្នុងការស្ដារឡើងវិញលើការងារបង្កបង្កើនផល ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលានិងឆាប់រហ័ស។
ទន្ទឹមនឹងនោះ ជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានក៏ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងចុងឆ្នាំ ដើម្បីបិទទ្វារអាងទឹកឬទប់ប្រភពទឹកដែលមានក្នុងមូលដ្ឋាន ទុកបម្រុងត្រៀមសម្រាប់ស្រោចស្រពដំណាំនារដូវប្រាំងខាងមុខនេះ និងត្រូវណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាទឹកក្នុងស្រែឲ្យបានល្អមុនបញ្ចប់រដូវភ្លៀងមកដល់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានឧបត្ថម្ភថវិកាជូនកងកម្លាំង ៤០នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល និងប្រជាពលរដ្ឋដែលចូលរួមចំនួន ៥៧០នាក់ (ទាំងពីរស្រុក) ក្នុងម្នាក់ៗ ១ម៉ឺនរៀល សរុបថវិកា ៦លាន ៥០ម៉ឺនរៀល។
-សូមបញ្ជាក់ថា ខេត្តកំពតស្ថានភាពនៃការរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដែលនាំឱ្យខូចខាត ផលដំណាំស្រូវ មានស្រុកចំនួន២គឺស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច៖ សរុបរួមនៅផ្ទៃដីចំនួន១,២២០ហត និងខូចខាត ៤៦៦ ហ.ត ស្មើនឹង ០,៣២៨% នៃផ្ទៃដីអនុវត្តបានសរុបចំនួន១៤១,៦៧៤ ហត។ ក្នុងនោះ ស្រុកបន្ទាយមាស ប៉ះពាល់លើឃុំចំនួន៧ ស្មើផ្ទៃដីមានចំនួន១,០៧៤ ហ.ត ខូចខាត ៣៩៤ហ.ត ដែលក្នុងនោះដែរមិនអាចស្តាបាន ចំនួន ២១ ហ.ត
-ស្រុកកំពង់ត្រាចផលប៉ះពាល់១៤៦ ហត ខូចខាត ៧២ ហ.ត ក្នុងនោះ មិនអាចស្តាបាន ចំនួន ២៥ ហ.ត។

អត្ថបទទាក់ទង