រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពតរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

  • 912
  • ដោយ savuth

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគារកំពតឌីណាម៉ង់ ខេត្តកំពត មានបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ហាស់ សូបិន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីសំណាក់ ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម លោក លោកស្រី ជាគ្រូឧទ្ទេស ប្រធាន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត កែប តាកែវ និងខេត្តព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពជំនាញ សរុប ៦៤នាក់ ។

​ជាកិច្ចចាប់នៃវគ្កបណ្តុះបណ្តាលលោក ហាស់ សូបិន អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានសំដែងគាវកិច្ចយ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអធិបតីភាព និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូឧទ្ទេស និងសិក្ខាកាមដែលចំណាយពេលវេលាដ័មានតម្លៃអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនេះ។ លោក បានបន្ថែមទៀតថា បច្ចប្បន្ន មន្ត្រីរាជការជំនាញ ពិសេស រជ្ជទេយ្យករចំណូល និងមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពត គឺពិតជាកំពុងមានតម្រូវការចាំបាច់បន្ថែមទៀត ក្នុងការកសាងសមត្ថភាព លើជំនាញនេះ។

​ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមមេត្តាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់ ស្តាប់នូវបទបង្ហាញរបស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល និងសូមសិក្ខាកាមទាំងអស់ចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងបទពិសោធន៍ប្រកបដោយលក្ខណៈបុរេសកម្ម ដើម្បីស្វែងយល់ និងចម្រាញ់យកនូវចំនុចគន្លឹះសំខាន់ៗសម្រាប់ប្រយោជន៍យកទៅអនុវត្តនៅពេលត្រឡប់ទៅកាន់អង្គភាពរៀងៗខ្លួនវិញ។

​សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងប្រារព្វធ្វើឡើងរយៈពេល ០២ថ្ងៃគឺចាប់ពីថ្ងៃទី ២៣-២៤ខែវិច្ឆិកា ឆ្នាំ២០២០ ។

អត្ថបទទាក់ទង