រសៀល.ថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងកំពត ខេត្តកំពត។
អញ្ជើញចូលរួមក្នុងវេទិកានារសៀលនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង មន្ត្រីរដ្ឋបាលក្រុង និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២៧០នាក់។
វេទិកានេះមានគោលបំណង ៖
បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយះ
-ផ្តល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពជាអាទិភាពបន្ត
-រាយការណ៍អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩
-ពិភាក្សា រិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមមិនទាន់បានដោះស្រាយ នៅតាមមូលដ្ឋាន ។
តាមរយៈអង្គការវេទិកានាថ្ងៃនេះ បានពិនិត្យឃើញថាមានការចូលរួមមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួម និងទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់យើងទាំងអស់គ្នា។ ជាក់ស្តែង ជាលទ្ធផលនៅឆ្នាំ២០១៩ សំណូមពរសរុបមានចំនួន ១៥៥ករណី
- ដោះស្រាយរួច ១៣៣ករណី
- កំពុងដោះស្រាយ ១៧ករណី
- មិនទាន់ដោះស្រាយ ០៥ករណី
សូមញ្ជាក់ថា៖ លទ្ធផលនៃការឆ្លើយតបដោះស្រាយក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩ ក្រុងកំពត មាន ២២សំណូមពរ រដ្ឋបាលខេត្តបាន: ដោះស្រាយរួច ១៤ករណី កំពុងដោះស្រាយ ០៦
ករណី និងមិនទាន់ដោះស្រាយ ០២ករណី។
ពាក់ព័ន្ធនឹងការលើកឡើងនៅឆ្នាំ២០២០នេះ វេទិកាក្នុងក្រុងកំពត ជាសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងអង្គវេទិកា ចំនួន ០៧បញ្ហា ភាគច្រើនពាក់ព័ន្ធកសាងផ្លូវ ភ្លើងអគ្គិសនីបំភ្លឺផ្លូវ ប្រព័ន្ធលូរំដោះទឹក ទំនាស់ដីធ្លី ជាលទ្ធផល ឯកឧត្តម អភិបាលខេត្ត បានដោះស្រាយភ្លាមៗនូវបញ្ហាកសាងផ្លូវ ភ្លើងបំភ្លឺផ្លូវ និងប្រព័ន្ធលូរំដោះទឹក ហើយបញ្ហាសេសសល់ ឯកឧត្តម យកមកប្រជុំពិនិត្យ ពិភាក្សា ដោះស្រាយតាមយន្តការផ្សេងៗ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការសំណូមពរប្រជាពលរដ្ឋជាក់ស្តែង៕