ព្រឹកថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត និងលោកស្រី យូ សុគន្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការអង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង២១ធ្នូ ឆ្នាំ២០២០ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ជាមួយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយ ឯកឧត្តម កែវ ធីវុធ ឧបការីអនុរដ្ឋលេខាធិការ នៅសាលាខេត្តកំពត។
សមាសភាពអញ្ជើញចូលរួមនាព្រឹកនេះរួមមាន លោកស្រីនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកស្នងការរង លោកមេបញ្ជាការរងកងកម្លាំងទាំងបី លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុកទឹកឈូ លោកអភិបាលរងក្រុងកំពត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្តកំពត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត។
ក្នុងស្មារតីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចប៉ះពាល់ដល់ដំណើរការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំលេខ២០ អយក.សណន ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ស្តីពីការពន្យាពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៩-២០២០។
ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ការទប់ស្កាត់ និងដាក់ចេញនូវវិធានការបន្ទាន់ ទាន់ពេលវេលា របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្រាល ក្រសួងអប់រំយុវជន និងកីឡា តាមរយៈលិខិតលេខ៤៥ អយក.សណន ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានកំណត់យកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៩-២០២០។
សូមជម្រាបថាខេត្តកំពតមានមណ្ឌលប្រឡងចំនួន១០មណ្ឌល ត្រូវជា២១១បន្ទប់ បេក្ខជនចំនួន៥,២៥៨ នាក់ ស្រីចំនួន ២,៧០១ នាក់ ដែលចែកចេញជា ថ្នាក់វិទ្យាសាស្ត្រមាន៣មណ្ឌល ៥៥បន្ទប់ បេក្ខជនចំនួន ១,៣៥៨ នាក់, ថ្នាក់វិទ្យាសាស្ត្រសង្គមមាន៧ មណ្ឌល ១៥៦បន្ទប់ បេក្ខជនចំនួន ៣,៩០០នាក់។