រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ពិធីប្រគល់ និងទទួលម៉ាស៊ីនវេចខ្ចប់ “ម្រេចកំពត” និងការបញ្ជាទិញទំនិញសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” ពីផលិតករលក្ខណៈគ្រួសារខ្នាតតូច របស់ស្ថានទូតសាធារណរដ្ឋឆែក និងក្រុមហ៊ុន EU land and Pepper

  • 890
  • ដោយ savuth

រសៀល.ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលម៉ាស៊ីនវេចខ្ចប់ “ម្រេចកំពត” និងការបញ្ជាទិញទំនិញសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” ពីផលិតករលក្ខណៈគ្រួសារខ្នាតតូច របស់ស្ថានទូតសាធារណរដ្ឋឆែក និងក្រុមហ៊ុន EU land and Pepper ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពត ស្ថិតនៅភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានសមាសភាពចូលរួមពី៖ ភារធារី នៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទី សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូក្រសួងពាណិជ្ជកម្ម កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត តំណាងក្រុមហ៊ុន EU Land and Pepper និងសមាជិកសមាគមម្រេចចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៌ថា ៖ កត្តាភូមិសាស្ត្របានផ្ដល់ឲ្យខេត្តកំពត មានផលិតផលសក្តានុពលជាច្រើន រួមមាន ស្រូវ ធុរេន ស្វាយ ចេកអំបូងលឿង អំបិល ផ្កាអំបិល ផលិតផលសមុទ្រស្រស់ និងស៊ីម៉ង់ត៍ ផលិតផលទាំងអស់សុទ្ធតែជាមាន សក្តានុពលសម្រាប់ការនាំចេញ ដោយឡែកដំណាំម្រេច មានសមាគមម្រេចដែលមានសមាជិកចំនួន៤៥០គ្រួសារ និងមានផ្ទៃដីដាំដុះសរុប ២៩០ហិចតា គ្របដណ្ដប់លើស្រុក៤ របស់ខេត្តកំពត សព្វថ្ងៃនេះ មានក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុក ចំនួន៣៨ក្រុមហ៊ុនកំពុងដំណើរការទិញលក់ម្រេចសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក ចំពោះការប្រគល់ និងទទួលម៉ាស៊ីនវេចខ្ចប់ “ម្រេចកំពត” និងការបញ្ជាទិញទំនិញសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” ពីផលិតករលក្ខណៈគ្រួសារខ្នាតតូច របស់ស្ថានទូតសាធារណរដ្ឋឆែក និងក្រុមហ៊ុន EU land and Pepper ពិតជាបានលើកទឹកចិត្តទៅកសិករដាំម្រេចលក្ខណៈគ្រួសារខ្នាតតូចរបស់សមាគមម្រេចកំពត។

ជាមួយនេះផងដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះ ស្ថានទូតសាធារណរដ្ឋឆែក និងក្រុមហ៊ុន EU land and Pepper ដែលឧបត្តម្ភម៉ាស៊ីនវេចខ្ចប់ “ម្រេចកំពត” និងការបញ្ជាទិញទំនិញសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” ពីផលិតករលក្ខណៈគ្រួសារខ្នាតតូច នូវឆ្នាំដំបូងចំនួន ១០តោន និងឆ្នាំបន្ទាប់ចំនួន ២០តោន។ ទន្ទឹមនោះ ឯកឧត្តម រដ្ឋមន្ត្រី បានក្រើនរំលឹកដល់ផលិតករ និងប្រតិបត្តិករទាំងអស់នៃសមាគមម្រេចកំពត ត្រូវគោរព និងប្រតិបត្តិតាមសៀវបន្ទុកម្រេចកំពតឲ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់ការប្រកួតប្រជែង រក្សាកេរ្តិ៍ឈ្មោះ និងគុណភាព នៃផលិតផលសម្គាល់ភូមិសាស្ត្រ "ម្រេចកំពត" បង្កើនទំនុកចិត្តចំពោះអតិថិជន ដោយសំដៅដល់ការបង្កើនបញ្ជាទិញ និងទីផ្សារនៅនឹងកន្លែងសម្រាប់លក់ដុំ និងលក់រាយទំនិញសម្គាល់ភូមិសាស្រ្តម្រេចកំពត ឲ្យក្លាយជាគោលដៅទេសចរណ៌៕

អត្ថបទទាក់ទង