នៅថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្តារឃ្លងសម្រាប់ទូកនេសាទចេញ ចូល តាមសំណើរបស់ប្រជានេសាទ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឱកាសចុះពិនិត្យ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ការស្តារឃ្លងនេះ បន្ទាប់ពីមានសំណើពីប្រជានេសាទ មិនអាចបើកទូកចេញ ចូលបាន ដោយមូលហេតុឃ្លងមានសភាពគោករាក់ បច្ចុប្បន្នទូករបស់ពួកគាត់ត្រូវចតនៅឆ្ងាយ។ ឯកឧត្តម បានណែនាំឲ្យក្រុមហ៊ុនធ្វើការស្តារឃ្លង ត្រូវអនុវត្តឲ្យត្រឹមត្រូវតាមគំនូសប្លង់បច្ចេកទេស ដោយចូលរួមសហការពីជំនាញពាក់ព័ន្ធ៕