សម្ភារៈឧបករណ៍សម្រាប់វាស់កំដៅនិងបាញ់ទឹកអាកុលស្វ័យប្រវត្តិ ចំនួន៩៩គ្រឿង សម្រាប់បម្រើឱ្យគោលដៅសកម្មភាព រួមចំណែកក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាអំណោយទឹកចិត្តសម្បុរសធម៌ផ្ដល់ដោយ ក្រុមហ៊ុន (Prudential)
ព្រូដិនសល (ខេមបូឌា ) ឡាយហ៍ អឹសូរិនស៍។
នៅរសៀលថ្ងៃទី៦ខែមករាឆ្នាំ២០២១
នៅសាលាខេត្តកំពត សម្ភារៈឧបករណ៍ទាំងអស់ខាងលើនេះ ត្រូវបានថ្នាក់ដឹកនាំនិងប្រតិភូក្រុមហ៊ុន (Prudential)(ព្រូដិនសល ខេមបូឌា)ឡាយហ៍ អឹសូរិនស៍ នាំយកមកប្រគល់ជូន ឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត សម្រាប់គោលដៅបម្រើសកម្មភាពបង្ការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយអភិបាលខេត្ត បានលើកបញ្ជាក់ថា ក្រោយពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅក្នុងទូទាំងពិភពលោកក៏ដូចជានៅក្នុងកម្ពុជាយើងនាឆ្នាំ ២០២០ កន្លងទៅនេះ។ រដ្ឋបាលខេត្តកំពតតែងមានសប្បុរសជនជាច្រើនបាននាំនូវ អំណោយសប្បុរសធម៌ ប្រកបដោយទឹកចិត្តសទ្ធា ជ្រះថ្លា រួមមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នឹងព្រះសង្ឃ ពិសេសបណ្ដាក្រុមហ៊ុននានា តែងតែបាននាំមកនូវ សម្ភារៈ ថវិកា ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដូចជារដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីត១៩ជាបន្តបន្ទាប់ដែលខេត្តកំពត។
ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយ សម្ភារៈឧបករណ៍ទាំងអស់ខាងលើនេះពិតជាមានសារៈសំខាន់ ពិសេស តាមរយៈអំណោយសម្ភារៈឧបករណ៍ ដែលមានលក្ខណៈស្វ័យប្រវត្តិទំនើបនេះ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា សម្ភារៈទាំងនេះនឹងប្រគល់ជូន ដល់មន្ទីរអប់រំយុវជននិងកីឡាខេត្ត សម្រាប់ បែងចែកបន្តដល់សាលាបឋមសិក្សា តាមបណ្ដាក្រុង ស្រុកទាំង៨ ដែលមានចំនួន៩៩ សាលា ក្នុងគោលដៅ រួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩៕