នៅព្រឹកសុក្រ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បាននាំយកនូវឧបករណ៍វាស់កំដៅនិងបាញ់ទឹកអាកុលស្វ័យប្រវត្តិ ចំនួន៩៩គ្រឿងសម្រាប់ប្រើក្នុងគោលដៅ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាអំណោយសប្បុរសធម៌ផ្ដល់ដោយ ក្រុមហ៊ុន (Prudential) ព្រូដិនសល (ខេមបូឌា ) ឡាយហ៍ អឹសូរិនស៍ ទៅធ្វើការប្រគល់បែងចែកបន្ត ជូនដល់លោកគ្រូ អ្នកគ្រូ មកពីសាលាបឋមសិក្សា និងមត្តេយ្យសិក្សាចំនួន៩៩ ក្នុងស្រុកក្រុង ទូទាំងប្រាំបីក្នុងខេត្តកំពត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី អភិបាលក្រុង ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
លោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា អំណោយឧបករណ៍វាស់កំដៅ និងបាញ់អាកុលស្វ័យប្រវត្តិទាំងអស់នេះ ក្រោយពីទទួលបាន ហើយ ត្រូវបានធ្វើការបែងចែកជូនដល់សាលាបឋមសិក្សា មត្តេយ្យសិក្សានៅតាមបណ្ដាក្រុង ស្រុក ចំនួន៩៩សាលា ក្នុងនោះ ក្រុងកំពតចំនួន ១៣សាលា ស្រុកទឹកឈូ ១៣សាលា ស្រុកកំពង់ត្រាច១២សាលា ស្រុកបន្ទាយមាស១២សាលា ស្រុកអង្គរជ័យ១២សាលា ស្រុកដងទង់១២សាលា ស្រុកឈូក១៣សាលា និងស្រុកជុំគិរីចំនួន១២សាលាហើយឧបករណ៍ទាំងនេះ គឺចែកទៅដល់ សាលាគោលដៅ ក្នុងក្រុងកំពតជូនដល់គ្រប់សាលាមតេយ្យសិក្សា និងស្រុកទាំង៧ ក្នុងខេត្ត ជូនដល់សាលានៅទីប្រជុំជន។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍លើកបញ្ជាក់ថា បញ្ហា ជំងឺកូវីត១៩ គឺបានរាតត្បាតជាសកលក្នុងពិភពលោក ហើយក្នុងនោះ កម្ពុជាយើង ក៏បានរង នូវសម្ពាធដ៏អាក្រក់នៃជំងឺនេះផងដែរ។
ហើយបញ្ហានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពិសេសទៅទៀតនោះបានដាក់ចេញនូវវិធាការណ៍មុតស្រួចជាបន្តបន្ទាប់នានា ដូចជាការបើក ឬបិទសាលា សម្រាប់សិស្សចូលរៀន នារយៈពេលកន្លងមក គឺដោយសារ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល តែងមានការយកចិត្តទុកដាក់ ព្រួយបារម្ភ ចំពោះសិស្ស ពិសេសសិស្សដែលជាក្មេងតូចនៅមិនទាន់មានការយល់ដឹង ចំពោះបញ្ហាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះ ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានចាត់ទុកឧបករណ៍ សម្រាប់ វាស់កំដៅ និងបាញ់ទឹកអាកុលដែលមានលក្ខណៈទំនើបស្វ័យប្រវត្តិ ដែលត្រូវបានចែកជូនដល់សាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់សិស្សដែលជាកុមារតូចៗ ដូច្នេះសូមលោកគ្រូអ្នកគ្រូ ត្រូវយកឧបករណ៍នេះទៅប្រើប្រាស់ឲ្យបានចំគោលដៅ ដើម្បីប្រយោជន៍រួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេស គឺការទប់ស្កាត់ឲ្យបានដាច់ខាតនៃការរីករាលដាលឆ្លងចូលដល់ក្នុងសហគមន៍ក្នុងខេត្តកំពត ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕