ព្រឹក ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញវឌ្ឍនភាពការងារសម្រាប់អនុវត្តគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ ស្ថានីយ៍អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកភ្លៀង នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងកំពត លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរ ដ.ន.ស.ស ខេត្ត នាយកទីចាត់ការអន្តរវិស័យ និងលោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងារ PIU ខេត្ត ។
បន្ទាប់ពីស្តាប់របាយការណ៍ បទបង្ហាញ និងពិភាក្សារួចមក ឯកឧត្តម អភិបាលខេត្ត បានឯកភាព និងផ្តល់នូវអនុសាសន៍ និងគោលការណ៍មួយចំនួន ដូចខាងក្រោម៖
-សូមលោកប្រធាមន្ទីរ ដ.ន.ស.ស. ពន្លឿនការគូសប្លង់ពង្រីកសួនច្បារតាមបណ្តោយមាត់ព្រែកចន្លោះស្ពានទាំង២ ឲ្យបានឆាប់រហ័ស និងយកមកបង្ហាញក្រុមការងារនៅសប្តាហ៍ក្រោយក្នុងនាមរដ្ឋបាលខេត្ត
-គម្រោងពង្រីកសួនច្បារនេះ ត្រូវធ្វើរួមគ្នាជាមួយគម្រោងដាក់ប្រព័ន្ធលូរបស់ADB
-សូមអ្នកទទួលការ និងភាគី ADB ត្រូវស្នើមករដ្ឋបាលខេត្តដោះស្រាយជាបន្ទាន់ បើមានការរាំងស្ទះណាមួយដែលត្រូវឲ្យរដ្ឋបាលខេត្តជាអ្នកដោះស្រាយ ដើម្បីឲ្យគម្រោងអនុវត្តទៅបានឆាប់រហ័ស
-សូមឲ្យអ្នកទទួលការ និង ADB ពន្លឿនការសាងសង់លូអ៊ុយឲ្យបានឆាប់រហ័ស និងរួចរាល់ក្នុងរដូវប្រាំងនេះ៕