ព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២១ លោក ប៉ឹល កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំក្រុមការងារបច្ចេកទេសចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងកំណត់ព្រំប្រទល់រវាងរដ្ឋបាលខេត្តកំពត និងរដ្ឋបាលខេត្តកែប ដែលនៅមានភាពមិនទាន់ច្បាស់លាស់ នៅសាលាខេត្តកែប រួមជាមួយនឹ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងក្រុមការងារបច្ចេកទេស ក្នុងគោលបំណង ធ្វើយ៉ាងណាសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងពីរខេត្ត មានភាពងាយស្រួល ក្នុងការផ្តល់សេវាសាធារណៈ ជាពិសេសបម្រើដល់ការងារបោះឆ្នោតនៅក្នុងឆ្នាំ ២០២២ នឹងឆ្នាំ ២០២៣ នាពេលខាងមុខ ។
ក្រុមការងារបច្ចេកទេសនៃរដ្ឋបាលខេត្តទាំងពីរ បានពិនិត្យ ពិភាក្សា ព្រំប្រទល់លើផែនទី រវាងខេត្តទាំងពីរ រួមមានស្រុកទឹកឈូនិងក្រុងកែប ស្រុកកំពង់ត្រាចនិងស្រុកដំណាក់ចង្អើរ ជាលទ្ធផល ក្រុមការងារទាំងពីរ បានឯកភាពគ្នាលើចំណុចជាច្រើន ហើយចំណុចដែលនៅ សេសសល់ខ្លះ ក្រុមការងារបច្ចេកទេស ប្រគល់ភារកិច្ចជូនលោកប្រធានមន្ទីរដែនដី នគរូបណីយកម្ម និងសំណង់ខេត្តទាំងពីរ ពិភាក្សារៀបចំកំណត់ព្រំប្រទល់ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗ រួចរាយការណ៍ជូនថ្នាក់ដឹកនាំនៃខេត្តទាំងពីរដើម្បីធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ ៕