រសៀលថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២០ និងផែនការអនុវត្តបន្តឆ្នាំ២០២១ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នៅសាលប្រជុំទុរេន សាលាខេត្តកំពត។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖
ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយស អនុសាខាក្រុង -ស្រុក ប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុក ក្រុមប្រតិបត្តិសាខា សរុប ៣៧នាក់។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានមានប្រសាសន៍ថា៖ ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ គណៈកម្មាធិការអនុសាខាក្រុងស្រុក ដែលបានខិតខំកៀរគរប្រមូលថវិកាសម្រាប់ទិវា ៨ឧសភា បានច្រើនគួរជាទីមោទនៈ បើទោះជាយើងមិនបានរៀបចំពិធីក៏ដោយ។
ជាគោលការណ៍យើងត្រូវបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមជំនាន់ក្រោយ សម្រាប់បន្តវេន ដូចនេះស្នើសុំឲ្យក្រុងស្រុករៀបចំបញ្ជីឈ្មោះយុវជនទាំងនោះ ដើម្បីរៀបចំពិធីបំពាក់កន្សែងរួមគ្នា។
សូមគ្រប់អនុសាខាក្រុងស្រុកទាំងអស់ បញ្ជូនរូបភាព និងវីដេអូ មកសាខា ដើម្បីផ្សព្វផ្សាយនូវសកម្មភាពទាំងឡាយដែលអនុវត្ត។
នៅថ្ងៃទី៨ឧសភា ខាងមុខ សូមអនុសាខាក្រុងស្រុកទាំងអស់ ពិនិត្យលទ្ធភាព សប្បុរសជន ដែលត្រូវផ្តល់ជូនគណៈកិត្តិយសជូន ពិសេសក្រុមប្រតិបត្តិត្រូវរៀបចំបញ្ជីឈ្មោះ និងរបាយការណ៍ឲ្យបានឆាប់រហ័សមុនពេលរៀបចំពិធី៕