នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីចុះពិនិត្យទីតាំង សាងសង់ផ្សារគំរូ ព្រំដែន ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។
ទីតាំងគម្រោងអភិវឌ្ឍសាងសង់ ផ្សារគំរូព្រំដែននេះគឺស្ថិតនៅ ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត លើផ្ទៃដីចំនួន ២ ហ.ត ជាជំហានដំបូង តាមគម្រោងផែនការគឺក្នុងទំហំផ្ទៃដីសរុប៥០ ហ.ត។ គម្រោងនេះទៀតសោត គឺជាគម្រោងអាទិភាពទី២ បន្ទាប់ពីផ្សារគំរូព្រំដែនបានកសាងរួចរាល់នៅក្នុងខេត្ត ត្បូងឃ្មុំ ក្នុងចំណោមខេត្តនានាជាប់ព្រំដែនវៀតណាម។
នៅក្នុងជំហានដំបូងនេះដែរគម្រោងនេះអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ មានការកសាងតភ្ជាប់ផ្លូវ ក្នុងតំបន់ព្រំដែនរវាងកម្ពុជា វៀតណាម អគារផ្សារកម្ពស់២ជាន់រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលប្រមាណ២លានដុល្លារ និងអាចសាងសង់បញ្ចប់នៅដើមឆ្នាំឬពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសនោះក៏បាន ស្នើដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់និងអ្នកពាក់ព័ន្ធទាំងអស់ជួយសម្រួលនិងសហការបានល្អ ជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការគម្រោងសាងសង់នេះបានសម្រេចលទ្ធផលជោគជ័យឆាប់រហ័សតាមគោលការណ៍របស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសំដែងការអបអរសាទរ និងគាំទ្រ សហការ ព្រមទាំងសង្ឃឹមថា សមិទ្ធផលនៃគម្រោងនេះ បន្ទាប់ពីកសាងរួចរាល់ហើយ នឹងអាចធ្វើឱ្យការដោះដូរទំនិញតាមព្រំដែនមានលក្ខណៈកាន់តែល្អប្រសើរថែមទៀតនឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងមួយកំរឹតទៀត។