រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងនគរបាល និងយោធាការពារព្រំដែនគោកក្នុងភូមិសាស្រ្តខេត្តកំពត

  • 622
  • ដោយ savuth

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគនិងថវិកាជូនដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ និងកងកម្លាំងយោធាវរៈសេនាតូចការពារព្រំដែនគោកលេខ២ ដែលកំពុងឈរជើង ការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា -វៀតណាម និងដើម្បីពិនិត្យតាមដានសភាពការណ៍ទូទៅនៅក្នុងភូមិសាស្ត្រព្រំដែននៃស្រុកកំពង់ត្រាចនោះផងដែរ។

ក្នុងពិធីសំណេះសំណាលនេះ ធ្វើឡើងនៅ ក្នុងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ ច្រកទ្វារទ្វេភាគីតន់ហន់ក្នុងឃុំព្រែកក្រឹសស្រុកកំពង់ត្រាច និងក៏មានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុកកំពង់ត្រាច ផងដែរ។

មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំង ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានកោតសរសើរ និងកត់សំគាល់វាយតម្លៃខ្ពស់ ចំពោះសភាពការណ៍ទូទៅ មានលក្ខណៈល្អប្រសើរ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រទឹកដីខេត្តកំពត។ ដែលលទ្ធផលទាំងនេះឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា គឺផ្ដើមចេញពីការខិតខំយកចិត្តទុកដាក់ខ្ពស់ របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់និងកងកម្លាំង ក៏ដូចអង្គភាពនីមួយៗ ស្របតាមបទបញ្ជាណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងការពារជាតិដាក់ជូន។ ជាពិសេសបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា ដ៏ខ្ពង់ខ្ពស់និងមានសារៈសំខាន់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក្នុងស្ថានការណ៍ រួមគ្នាបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកំពុងរាតត្បាតសកលក្នុងពិភពលោកនិងក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន។ លទ្ធផលសម្រេចបានទាំងអស់នោះរួមមាន ទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់ ការងារសេដ្ឋកិច្ចដោះដូរចរាចរណ៍ទំនិញតាមព្រំដែន ពិសេសការងារទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋទាំងសងខាង រួមនឹងការបង្ក្រាបបទល្មើសនានាផងដែរ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានណែនាំផ្ដាំផ្ញើ ដល់កងកម្លាំងទាំងអស់ រួមនិងអាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ត្រូវបន្តយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយពីវិធានការចាំបាច់មួយចំនួនរបស់ក្រសួងសុខាភិបាល ជាពិសេស កងកម្លាំងត្រូវថែរក្សាសុខភាព របស់ខ្លួនឲ្យបានល្អ ដោយត្រូវប្រកាន់ខ្ជាប់ចូលរួមអនុវត្តន៍វិធានការ ការពារ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែនឲ្យបានជាប់ជាប្រចាំ គឺបីការពារ និង បីកុំ ដើម្បីសហគមន៍ ក៏ដូចជាអង្គភាពរបស់យើងគ្មានជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវអង្ករ គ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់អង្គភាពកងកម្លាំង ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃ ឈរជើងតាមព្រំដែនចំនួន ១៣គោលដៅ ក្នុងមួយគោលដៅទទួលបាន អង្ករ១០០គីឡូក្រាម ត្រីខ ៥យួរ មី៥កេះ ទឹកសុទ្ធ៣០យួរ តង់ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ចំនួន០១ នឹងជូនថវិកាដល់កងកម្លាំងនគរបាលនឹងយោធាទាំងពីរអង្គភាពសរុបចំនួន១០៨នាក់ និងគ្រូពេទ្យ ៣នាក់ ក្នុងម្នាក់៥ម៉ឺនរៀល សរុបថវិកាអស់ចំនួន៥លាន៥៥ម៉ឺនរៀល។

ជាមួយឱកាសនោះដែរឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានជូនថវិកាចំនួន៣០លានរៀល ដល់មន្ត្រីឃុំ ដែលបានស្នើសុំក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកាលពីពេលថ្មីៗកន្លងទៅនេះដើម្បីយកទៅកសាងផ្លូវនៅក្នុងមូលដ្ឋានឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចនេះផងដែរ។

អត្ថបទទាក់ទង