ព្រឹក.ថ្ងៃអង្គារ ១២កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ស្តីពីការដោះស្រាយទំនាស់លើករណីដោះដូរទីបញ្ជាការដ្ឋានវរ:សេនាតូចការពារព្រំដែនលេខ ៣០២ និងផ្នែកសឹករងស្រុកកំពង់ត្រាច ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញ សរុបចំនួន ២១នាក់។
ក្នុងកិច្ចប្រជុំបន្ទាប់ពីបានស្តាប់នូវបទបង្ហាញ និងរបាយការណ៍របស់ក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក រួចមក ឯកឧត្ដម ជាវ តាយ ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងក្រុមការងារបានឯកភាពកាត់ទំហំដី ដែលមានទំហំ ៥០.១៥០ម៉ែត្រការ៉េ មកត្រឹម ៣៧.៩៣៣ម៉ែត្រការ៉េ ដើម្បីកាត់ចេញពីចំណីអាងស្តុកទឹកនៅជាប់នោះ និងធ្វើការចុះបញ្ជីដី ជូនលោក សេង វណ្ណ និងលោក តាក ប្រុស ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកេីត ស្រុកកំពង់ត្រាច ខេត្តកំពត ។