ព្រឹក.ថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញដាក់ឲ្យដំណើរការផ្លូវលំគ្រួសក្រហមមួយខ្សែប្រវែង២៥០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកកំពង់ត្រាច និងប្រជាពលរដ្ឋ។
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកក្រឹស ក្នុងការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗ និងសំណូមរបស់ប្រជាពលរដ្ឋឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានចំណាយថវិកាសាងសង់អស់ប្រមាណជាង ៣០លានរៀល សាងសង់ផ្លូវមួយខ្សែ ដោយក្រាសគ្រួសក្រហម ប្រវែង២៥០ម៉ែត្រ ទទឹង៧ម៉ែត្រ។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ជាវ តាយ បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅមូលដ្ឋាន។ ផ្លូវនេះ ពិតជាបានចូលរួមចំណែកក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករនៅមូលដ្ឋានពីឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច តភ្ជាប់ទៅឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ហើយ ឯកឧត្តម បានសំណូមពដល់ប្រជរាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះឲ្យយូរអង្វែង និងចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្តម្ភដល់ នគរបាល កងរាជអាវុធហត្ថ ចំនួន ២៨នាក់ ក្នុងម្នាក់ចំនួន ២ម៉ឺនរៀល។
សូមជម្រាបថា ការកសាងផ្លូវមួយខ្សែនេះគឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងអង្គវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។