រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរកិច្ចការនារីខេត្តកំពត

  • 639
  • ដោយ savuth

ព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរកិច្ចការនារីខេត្តកំពត។ ពិធីនេះរៀបចំនៅសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមព្រះរាជាអាជ្ញា ប្រធានសាលាដំបូងខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត។

ក្នុងពិធីនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការនៃខេត្តកំពតទាំងមូល តែងតែខិតខំដឹកនាំ និងបំពេញភារកិច្ចធ្វើឲ្យខេត្តកំពត មានការរីកចម្រើនជាបន្តបន្ទាប់ មានស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ជាពិសេសស្ថិតក្នុងបរិបទកូវីដ១៩នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជាវ តាយ ក្នុងនាមក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តកំពត បានផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍លើកិច្ចការសំខាន់ៗមួយចំនួន ដល់លោកស្រី ហួត រី ប្រធានមន្ទីរកិច្ចការនារីដែលទើបប្រកាសតែងតាំងនាពេលនេះដូចខាងក្រោម៖
១-ត្រូវបន្តអនុវត្តការងារដែលនៅសេសសល់ពីលោកស្រី សឿន សារី ឲ្យបានចប់សព្វគ្រប់តាមផែនការ
២-បន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន ព្រមទាំងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្ត
៣-ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរ ឲ្យបានល្អប្រសើរ ពោលគឺសំដៅលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវរៈ
៤-ត្រូវធ្វើកិច្ចសហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការងាររបស់យើងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត
៥-ពេលជួបការលំបាកត្រូវរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត ដើម្បីជួយដោះស្រាយ ដោយមិនត្រូវទុកការងារទាំងនោះចោលឡើយ
៦-យកចិត្តទុកដាក់ជម្រុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្តល់ឱកាសការងារដល់មន្ត្រីវ័យក្មេង ដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃខាងមុខ។

សូមជម្រាបថា តាមរយៈប្រកាសលេខ៣៣៣ កកន/ប្រក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី ត្រូវបានតែងតាំងលោកស្រី ហួត រី ជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពត៕

អត្ថបទទាក់ទង