រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពត បានទទួលការឧបត្ថម្ភនូវសម្ភារៈទ្រុងសំណាញ់ដែកសម្រាប់ដាក់សំរាមសំណល់រឹងនិងប្លាស្ទិកពីក្រុមហ៊ុនកូកាកូឡា

  • 914
  • ដោយ savuth

ទ្រុងសំណាញ់ធ្វើពីដែកសំរាប់ដាក់សំរាមសំណល់រឹង ដែលមានទំហំ៤ម៉ែត្រគុណនឹង២,៥ម៉ែត្រ និងមានកម្ពស់១,៤ម៉ែត្រ ចំនួន១៦ ទ្រុង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន។ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ ត្រូវបានធ្វើការប្រគល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីដាក់ពង្រាយតាមទីសាធារណៈ និងទីប្រជុំជនផ្សារក្នុងក្រុង និងស្រុកទាំង ៨ក្នុងខេត្តកំពត។

ការប្រគល់នេះ បានធ្វើឡើងនៅសួនច្បារមាត់ព្រែកក្នុងសង្កាត់កំពង់កណ្ដាល ក្រោមវត្តមានចូលរួមពី ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងឱកាសនោះបានបញ្ជាក់ថា បញ្ហាបរិស្ថាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ក្រសួងបរិស្ថាន បានដាក់ចេញឲ្យអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសនូវគោលនយោបាយ​នានា ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​នៅ​ទីប្រជុំជន ឲ្យ​មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព​បរិស្ថាន ខណៈ​អត្រា​បរិមានណសំរាម​ក្នុង​មួយ​ឆ្នាំ​ៗមាន​ការ​កើន​ឡើង​ជាបន្តបន្ទាប់។

ឯកឧត្តម នេត ភក្រ្តា ក៏បានលើកបញ្ជាក់ដែរថា បច្ចុប្បន្នតាមលំនៅដ្ឋាននៃប្រជាពលរដ្ឋកម្ពុជាយើង តែងយកកាកសំណល់សំរាមពីក្នុងផ្ទះទៅបោះចោលក្នុងទីលានសំរាមប្រហែលពី២០ ទៅ ៣០ភាគរយ និង៧០ភាគរយអាចកែច្នៃបាន។ ដូច្នេះដើម្បីធានាបាននូវនិរន្តរភាពនេះក្រសួងបរិស្ថានតែងបានជួយឧបត្ថម្ភគាំពារទាំងស្មារតីសម្ភារៈបច្ចេកទេសដល់រដ្ឋបាលខេត្តគោលដៅចំនួន៤ជាប់មាត់សមុទ្រក្នុងនោះមានខេត្តកំពតផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានចាត់ទុកទ្រុង ដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុនកូកាកូឡានាពេលនេះគឺជាដៃគូសហការមួយយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួងបរិស្ថាន ដែលតែងតែ ជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈបច្ចេកទេស ដល់រដ្ឋបាលខេត្តកំពតនាពេលកន្លងមក លើវិស័យបរិស្ថាន។ ពិសេសការគ្រប់គ្រងសំរាមប្លាស្ទិក និងសំណល់រឹងសំណល់រាវ កាត់បន្ថយបានពី​ការ​បំពុល​បរិស្ថាន និង​ការប៉ះពាល់ដល់សុខភាព​សាធារណៈព្រមទាំងបង្កើតបាននូវអនាម័យសោភ័ណភាព និងភាពទាក់ទាញបានកាន់តែល្អប្រសើរឡើងសម្រាប់ខេត្តកំពត។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុនកូកាកូឡា ហើយសង្ឃឹមថាក្រុមហ៊ុននឹងកាន់តែបង្កើនកិច្ចសហការជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពតដល់ពេលបច្ចុប្បន្នដែលរដ្ឋបាលខេត្តកំពតបាននឹងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័នានាឲ្យបានកាន់តែល្អប្រសើរបន្តថែមទៀតក្នុងការគាំពារវិស័យបរិស្ថាន និងការ​គ្រប់គ្រង​សំរាម ដើម្បី​បរិស្ថាន​ស្អាត និង​ការ​លើក​កម្ពស់​សុខភាព​សាធារណៈ​ផងដែរ។

អត្ថបទទាក់ទង