រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំដើម្បីជំរុញការងាររៀបចំសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យនៅតាមទីសាធារណៈក្នុងក្រុងកំពត

  • 750
  • ដោយ savuth


នៅរសៀល.ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំលក្ខណៈចង្អៀតមួយ ដែលមានការចូលរួមពីអាជ្ញាធរក្រុងកំពត និងមន្ទីរអង្គភាព ជំនាញពាក់ព័ន្ធមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីពិភាក្សាជំរុញផ្ដោតលើបញ្ហាពាក់ព័ន្ធការងាររៀបចំសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យតាមទីសាធារណៈក្នុងក្រុងកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា បញ្ហាបន្ទប់ទឹក និងបង្គន់អនាម័យតាមទីសាធារណៈ គឺជាបញ្ហាដែលរដ្ឋបាលខេត្តកំពត កន្លងមកតែងតែមានការយកចិត្តទុកដាក់គិតគូរ ហើយនឹងបានកំពុងជំរុញការសាងសង់បន្ថែមជាបន្តបន្ទាប់ ។ ប៉ុន្តែកិច្ចប្រជុំពេលនេះ គឺជាជំហាននៃការចូលរួមមតិយោបល់ចាំបាច់បន្ថែមទៀត ពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ដែលផ្ដោតទៅលើបច្ចេកទេស សណ្ដាប់ធ្នាប់ សាធារណៈ សោភ័ណភាព និងអនាម័យបរិស្ថាន ដើម្បីធានាបានជាមូលដ្ឋាន ត្រៀមលក្ខណៈបន្តការសាងសង់បន្ថែមទៀតនៅចំពោះមុខនេះ ជៀសវាងការសាងសង់រួចរាល់ ដែលមានមតិរិះគន់ភាពអវិជ្ជមានណាមួយកើតឡើង។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកបញ្ជាក់ផងដែរថា បើទោះបីស្ថិតក្នុងស្ថានភាពដែលសកលលោក ក៏ដូចកម្ពុជាយើង ជួបបញ្ហាវិបត្តិជំងឺឆ្លងកូវីត១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ក្ដី ។ ប៉ុន្តែដំណាក់កាលនេះ មិនអាចផ្ដេកផ្ដួលចំពោះបញ្ហានេះបានឡើយ ក្នុងនាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នជំនាញជាសេនាធិការរាជរដ្ឋាភិបាល ត្រូវតែខិតខំពុះពារឧបសគ្គទាំងអស់នេះ ដោយយកចិត្តទុកដាក់អភិវឌ្ឍន៍នូវអ្វី ដែលជាតម្រូវការចាំបាច់សំខាន់ដែលបម្រើឱ្យផលប្រយោជន៍សាធារណៈ និងសង្គមជាតិនៅចំពោះមុខមិនអាចខ្វះបាន។ ពិសេសជាក់ស្ដែងនៅក្នុងក្រុងកំពតទាមទារឲ្យមាននូវបន្ទប់ទឹក និងបង្គន់អនាម័យទីសាធារណៈបន្ថែមទៀត ដែលជាតម្រូវការកាន់តែមានទំហំច្រើនឡើង ដើម្បីបម្រើដល់សាធារណជន ក៏ដូចជាសម្រាប់ការទាក់ទាញក្នុងវិស័យទេសចរណ៍របស់ខេត្តផងដែរ។

ប៉ុន្តែទោះបីយ៉ាងណា ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរនិងជំនាញ ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្ន អនុវត្តវិធានការណែនាំ របស់ក្រសួងសុខាភិបាលក៏ដូចការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន គឺវិធានការ ៣កុំ ៣ការពារ ឱ្យបានទាំងអស់គ្នាដើម្បីកាត់បន្ថយ ឬ បញ្ឈប់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍នៃខេត្តកំពត ផងដែរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំតាមការឲ្យដឹងរបស់មន្ត្រីទទួលបន្ទុក រដ្ឋបាលខេត្តកំពត បានកសាងនិងកំពុងកសាងថែមនូវបន្ទប់ទឹក និងបង្គន់អនាម័យតាមទីសាធារណៈមានចំនួន ៤កន្លែង ដើម្បីបម្រើដល់សាធារណជនក៏ដូចជាភ្ញៀវទេសចរមកលេងកម្សាន្តខេត្តកំពតផងដែរ៕

អត្ថបទទាក់ទង