រដ្ឋបាលខេត្តកំពត

Kampot Administration
ស្វែងរក

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​ ​ប្រព្រឹត្តទៅ​ដោយ​រលូន​សន្តិសុខ​សណ្ដាប់ធ្នាប់​ប្រកបដោយ​បរិយាកាស​ល្អ​

  • 983
  • ដោយ savuth

ក្រុងបូកគោនៃខេត្តកំពត គឺជាក្រុងដែលត្រូវរាជរដ្ឋាភិបាលទើបបានបង្កើតឡើងថ្មី ហើយដើម្បីឲ្យស្របទៅតាម ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ក្រោមការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រព្រឹត្តទៅ ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅឯមណ្ឌលបោះឆ្នោតនាសាលាបឋមសិក្សារលួស ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូខេត្តកំពត។

ក្នុងដំណើរការបោះឆ្នោតនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចូលរួមដឹកនាំកម្លាំងការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងបរិវេណនៃមណ្ឌល បោះឆ្នោតផងដែរ។ ក្នុងដំណើរការបោះឆ្នោតនេះទៀតសោត បានប្រព្រឹត្តទៅដោយរលូន សន្តិសុខសណ្ដាប់ធ្នាប់ បរិយាកាស ក្នុងមណ្ឌលបោះឆ្នោតមានភាពស្ងប់ស្ងាត់ល្អ មានគណបក្សនយោបាយក្នុងបញ្ជី ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតមានចំនួន ៤គណបក្ស និងមានភ្នាក់ងារសង្កេតការណ៍ របស់គណបក្សនយោបាយនីមួយៗ និងភ្នាក់ងារសង្កេតការណ៍របស់អង្គការសង្គមស៊ីវិល ចូលរួមសង្កេតការណ៍ប្រកបដោយមានលក្ខណៈត្រឹមត្រូវយុត្តិធម៌ និងតម្លាភាព។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្រុងបូកគោនៅខេត្តកំពត ដោយរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងមានភាពរលូនប្រកបដោយបរិយាកាសល្អ ត្រឹមត្រូវនិងយុត្តិធម៌ តម្លាភាព ចំពោះគណបក្សនយោបាយនីមួយៗក្នុងការបញ្ចេញឆន្ទៈរបស់ខ្លួន។

លោកបណ្ឌិត តែ ជិនណារិទ្ធិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រុងបូកគោជាក្រុងដែលទើបត្រូវបានរាជរដ្ឋាភិបាលបានបង្កើតឡើងថ្មី ហើយដើម្បីឲ្យស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺទើបឈានដល់ការរៀបចំការបោះឆ្នោតដើម្បី ជ្រើសរើសក្រុមប្រឹក្សាក្រុង ដែលជាចាំបាច់ធ្វើឡើងឲ្យស្របទៅតាមច្បាប់កំណត់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ រីឯដំណើរការបោះឆ្នោតនេះ មានគណបក្សនយោបាយចុះក្នុងបញ្ជីចូលរួមប្រកួតប្រជែងបោះឆ្នោតចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា ,គណបក្សសញ្ជាតិកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ។ ចំណែកដើម្បីឈានមកដល់ដំណើរការនៃការបោះឆ្នោតពេលនេះ គឺចាប់ដើមទីដំបូងមានគណបក្សនយោបាយទាំងបួន បានចូលរួមធ្វើយុទ្ធនាការឃោសនា រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ហើយត្រូវបានបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត។

សូមបញ្ជាក់ថា ការបោះឆ្នោតនេះមានអង្គបោះឆ្នោត ចំនួន១៧ រូប ជាសមាជិកក្រុមប្រឹក្សាឃុំ មកពីឃុំចំនួន៣ ដែលត្រូវបង្កើតក្រុងបូកគោនេះ គឺឃុំបឹងទូក, ឃុំកោះតូច និងឃុំព្រែកត្នោត។ ជាលទ្ធផលបឋមបណ្ដោះអាសន្ន នៃសង្កេតការណ៍ក្នុងដំណើរការរាប់សន្លឹកឆ្នោតក្នុងមណ្ឌលបោះឆ្នោតត្រូវបានទទួលលទ្ធផល ទៅលើគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងសន្លឹកឆ្នោតគាំទ្រចំនួន១៧លើ១៧ សំលេង។

អត្ថបទទាក់ទង