ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅពិនិត្យដល់ទីតាំងនៃការដ្ឋានសាងសង់ទីលានចាក់សំរាមសម្រាប់ទីក្រុងកំពត ដែលបាននឹងកំពុងដំណើរការសាងសង់ស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូខេត្តកំពត ។ ទីលានចាក់សំរាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ប្រាក់ថវិកាក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រមាណ ២លានដុល្លារ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ មានថេរវេលាសាងសង់រយៈពេល១ឆ្នាំ លើផ្ទៃដីប្រមាណជាង១០ ហ.ត ។
គម្រោងនេះបានចាប់ អនុវត្តតាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖
១.ទីលានចាក់សំរាម២ថត ចំនួន២
២.ស្រះទឹកសំអាតទឹកកខ្វក់ចេញពីសំរាមចំនួន២
៣.ទីលានត្រង់ទឹកកខ្វក់និងលំហួត
៤.អាគាររដ្ឋបាល និងប៉ុស្តិ៍យាម
៥.អណ្ដូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹក
៦.ជួសជុលផ្លូវចូលទីលានកប់សំរាម
៧.កន្លែងថ្លឹងរថយន្ត
៨.កន្លែងស្តុក និងញែកសំរាម
៩.ធ្វើរបងព័ទ្ធជុំវិញទីលានចាក់សំរាម ដែលបច្ចុប្បន្ននេះការអនុវត្តគម្រោងសាងសង់នេះបានប្រមាណជាង១៦ភាគរយហើយ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកបញ្ជាក់ថា បញ្ហាអនាម័យបរិស្ថានក៏ដូចជាទីលានកន្លែងទុកដាក់និងចាក់សំរាម គឺជាបញ្ហាសំខាន់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន តែងតែជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងជាប្រចាំ ក្នុងការរួមចំណែកធ្វើឲ្យបរិស្ថានបានកាន់តែល្អប្រសើរឡើង ។ ដោយឡែកសម្រាប់ទីក្រុងកំពតបច្ចុប្បន្នបញ្ហាសំរាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាមទារឲ្យរដ្ឋបាលខេត្តត្រូវតែយកចិត្តទុកដាក់ ពីទីកន្លែងសម្រាប់ទុកដាក់សំរាម ឲ្យបានកាន់តែប្រសើរទៅថ្ងៃអនាគត ។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឲ្យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាសហការជាមួយនឹងក្រុមហ៊ុនម៉ៅការឲ្យបានល្អ ដើម្បីឲ្យដំណើរការកសាងទីលានចាក់សំរាមនេះ បានលឿនឆាប់រហ័ស ទៅតាមគម្រោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការលើកកំពស់អនាម័យបរិស្ថានក្នុងក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។