ព្រឹកថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណ:ការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពត និងទីលានចាក់សំរាម នៃគម្រោងអភិវឌ្ឍន៍ ក្រុងរបៀង២ ដែលមានកាអញ្ជេីញចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង ស្រុកពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម៉ៅការសាងសង់ សរុបចំនួន ១៨នាក់។
បន្ទាប់ពីបានស្តាប់នូវបទបង្ហាញ និងមតិចូលរួមក្នុងអង្គប្រជុំរួចមក ឯកឧត្ដម ជាវ តាយ បានចាត់ទុកកិច្ចប្រជុំនេះពិតជាមានសារ:សំខាន់ណាស់សំរាប់ខេត្តកំពត ព្រោះវាអាចបញ្ចៀសបាននូវជំនន់ទឹកភ្លៀង និងធ្វេីអោយខេត្តមានអនាម័យ និងបរិស្ថានស្អាត។
ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់ក្រុមហ៊ុនម៉ៅការត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលខេត្ត ដេីម្បីរួមគ្នាដោះស្រាយនៅពេលដែលការអនុវត្តន៍គម្រោងមានការរាំងស្ទះណាមួយ។ ហេីយក្រុមហ៊ុនត្រូវពន្លឿននូវការអនុវត្តន៍របស់ខ្លួនអោយបានល្អ ទៅតាមស្តង់ដា លក្ខណ:បច្ចេកទេស និងឆាប់រហ័ស។