នៅរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយនឯកឧត្តម អភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្វែងយល់ដល់ទីតាំងជាក់ស្ដែង ដើម្បីជំរុញពន្លឿនការការអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាប្រឈម សំណូមពរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ឯកឧត្តមអភិបាលខេត្ត បានដាក់គោលដៅ ចំនួនបី គឺ៖
១-ការពិនិត្យទីតាំងនិងជំរុញការសិក្សានៃគម្រោងអភិវឌ្ឍន៍តំបន់បៃតងមួយកន្លែង ជាប់មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ
២-ការពិនិត្យលទ្ធផល និងជំរុញល្បឿនសំណង់ស្ពានបេតុងត្រើយកោះជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន
៣-ការជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលកំពុងរស់នៅលើដីចំណីព្រែកក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដែលបានសំណូមពរ ដល់មន្ត្រីជំនាញ ក៏ដូចជារដ្ឋបាលខេត្ត ជួយផ្ដល់ចេញប្លង់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់។
មានប្រសាសន៍នៅក្នុងឱកាសនោះពាក់ព័ន្ធគោលដៅការអភិវឌ្ឍន៍តំបន់បៃតង នៃតំបន់នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកឡើងថា ទីតាំងនេះមានទេសភាពស្អាតមានការទាក់ទាញទេសចរណ៍ក៏ដូចជាការបម្រើដល់ការកម្សាន្តលំហែកាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របទៅនឹងសម័យកាលបច្ចុប្បន្ន ដែលរដ្ឋបាល និងប្រជាពលរដ្ឋទាមទារការអភិវឌ្ឍន៍ជាសំខាន់ ហើយការអភិវឌ្ឍន៍នោះទៀតសោត ត្រូវធានាដល់និរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ជាទូទៅឲ្យបានច្រើនបំផុតផង។ ដូច្នេះ អាជ្ញាធរជំនាញ និងប្រជាពលរដ្ឋត្រូវរួមសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយគ្នាប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍនេះក្លាយជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងបានបម្រើប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ។
ពាក់ព័ន្ធនឹងដំណើរការសាងសង់ស្ពានបេតុងត្រើយកោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្តក៏បានចាត់ទុកស្ពាននេះគឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ ពិសេសការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្ររួមនឹងទំនិញសម្ភារៈផ្សេងៗគ្រប់សារពើ។ ដូច្នេះសូមឲ្យជំនាញនិងអាជ្ញាធររួមនិងប្រជាពលរដ្ឋសហការគ្នាឲ្យបានល្អ ដើម្បីឲ្យល្បឿននៃការសាងសង់នេះបានឆាប់ចប់តាមគម្រោងនៅចុងឆ្នាំ ២០២១នេះ ។
ចំណែកការឆ្លើយតបបញ្ហាសំណូមពរនឹងដោះស្រាយជូនប្រជាពលរដ្ឋទាំង១៣គ្រួសារ ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានលើកបញ្ជាក់ថា បញ្ហាប្រឈមនៃការចេញប័ណ្ណកម្មសិទ្ធជូនពលរដ្ឋ ក្នុងសង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ នៅមិនទាន់បានចេញនៅឡើយដោយសារបញ្ហាស្មុគស្មាញពាក់ព័ន្ធលំនៅដ្ឋានទាំងនោះស្ថិតនៅលើចំណីព្រែក និងលើទឹកព្រែកតែម្តង ប៉ុន្តែពលរដ្ឋនៅតែសំណូមពរចង់បាន។ តែទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថាបញ្ហានេះ រដ្ឋបាលខេត្តតែងតែបានយកចិត្តទុកដាក់ជំរុញឲ្យជំនាញកំពុងសិក្សាដើម្បីផ្ដល់ជូនប័ណ្ណកម្មសិទ្ធិឲ្យបានឆាប់នៅពេលខាងមុខនេះ ប៉ុន្តែសូមស្នើឱ្យជំនាញនិងអាជ្ញាធររួមនិងប្រជាពលរដ្ឋខិតខំសម្របសម្រួលសហការគ្នាដោះស្រាយបញ្ចប់បញ្ហាដោយភាពទន់ភ្លន់ និងវៃឆ្លាត រដ្ឋក៏ចំណេញ ពលរដ្ឋក៏សប្បាយចិត្ត។
សូមបញ្ជាក់ថា គម្រោងរដ្ឋបាលខេត្តនឹងរៀបចំជាតំបន់បៃតង និងការអភិវឌ្ឍផ្លូវ ឲ្យបានជាប្រយោជន៍សម្រាប់បម្រើសាធារណៈនិងការទាក់ទាញទេសចរណ៍។ ពិសេសសម្រាប់សួនកំសាន្ត និងការហាត់ប្រាណដើម្បីសុខភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អណ្ដូងខ្មែរ និងសង្កាត់ត្រើយកោះ ក្រុងកំពតផងដែរ។